(អាហ្សង់ទីន)៖ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងវិនិយោគរវាងកម្ពុជា-អាហ្សង់ទីននោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើសុំលោកស្រី Susana Malcorra រដ្ឋមន្រ្តីអាហ្សង់ទីន ជួយជំរុញអ្នកវិនិយោគ និងពាណិជ្ជករអាហ្សង់ទីន ដែលមានមូលដ្ឋាននៅអាស៊ីមកវិនិយោគ និងធ្វើពាណិជ្ជកម្មនៅប្រទេសកម្ពុជាឲ្យបានកាន់តែច្រើន។
សំណើរបស់លោកលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគីជាមួយលោកស្រី Susana Malcorra រដ្ឋមន្រ្តីអាហ្សង់ទីន និងជាប្រធានអង្គប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ។
ក្នុងឱកាសជំនួបទ្វេភាគីនេះ លោករដ្ឋមន្រ្តី ក៏បានបង្ហាញពីសក្តានុពលសេដ្ឋកិច្ច វិនិយោគរបស់កម្ពុជា និងបានបញ្ជាក់ពីលក្ខខណ្ឌដ៏ប្រសើរនៃបរិយាកាសវិនិយោគ និងទីតាំងភូមិសាស្រ្តនៃប្រទេសកម្ពុជាដែលងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មក្នុងតំបន់។
ជាមួយគ្នានេះ លោក ប៉ាន សូរស័ក្តិ បានស្នើលោកស្រីរដ្ឋមន្ត្រី ជួយរកវិធីសាស្រ្ត និងយុទ្ធសាស្រ្តជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ដែលទំហំពាណិជ្ជកម្មនាពេលបច្ចុប្បន្នមានទំហំប្រមាណ ២៧លានដុល្លារអាមេរិក។
បើតាមលោក ប៉ាន សូរស័ក្តិ ប្រទេសអាហ្សង់ទីន និងបណ្តាប្រទេសនៅទ្វីបអាមេរិកខាងត្បូងអាចជាទីផ្សារថ្មីបន្ថែមទៀតសម្រាប់ផលិតផលកម្ពុជា ខណៈដែលបច្ចុប្បន្នចំនួនភ្ញៀវទេសចរអាហ្សង់ទីនមកកម្ពុជាមានចំនួនជាង ១ម៉ឺននាក់។
ឆ្លើយតបនឹងសំណើនេះ លោកស្រី Susana Malcorra បញ្ជាក់ថា នឹងពាំនាំសំណើរនេះជូនក្រសួងការបរទេស និងពាណិជ្ជកម្មអន្តរជាតិ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិចារណា៕