(កំពង់ធំ)៖ ក្រោយសកម្មភាពបោះជំរំក្រុមប្រឹក្សាយុវជនកម្ពុជាថ្នាក់ជាតិ លើកទី១៩ រយៈពេល៧ថ្ងៃរួចមក យុវជនប្រមាណ៤០០នាក់ បានបង្ហាញពីស្មារតីស្រលាញ់សន្តិភាព ស្រលាញ់ជាតិកម្ពុជាដ៏កំសត់របស់ពួកគេ និងបានប្ដេជ្ញាសាមគ្គីគ្នាជាធ្លុងមួយ ថែរក្សាការពារសន្តិភាពជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
សកម្មភាពបោះជំរំថ្នាក់ជាតិ លើកទី១៩នេះ ធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីសន្តិភាព និងវឌ្ឍនភាព» ចាប់ពីថ្ងៃទី០៣-០៩ ខែធ្នូ ឆ្នាំ២០១៧ នៅពហុកីឡាដ្ឋានខេត្តកំពង់ធំ ស្ថិតនៅភូមិរូង ឃុំត្រពាំឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលពិធីពន្លត់ភ្លើងគុបបិទជំរំថ្នាក់ជាតិនេះ ធ្វើឡើងក្រោមវត្តមានលោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងលោកស្រី អ៊ឹម សុផល្លី អនុប្រធាននាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា។
លោកស្រី អ៊ឹម សុផល្លី បានលើកឡើងថា ក្នុងដំណើរការបោះជំរំនេះ យុវជនទាំងអស់ទទួលបានជំនាញភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍខ្លួនឲ្យក្លាយជាពលរដ្ឋមានការទទួលខុសត្រូវ ស្របតាមម្មវិធីចលនាប្រឡងប្រណាំងបីល្អ «កូនល្អ មិត្តល្អ សិស្សល្អ» ទទួលបានបទពិសោធន៍ពីបច្ចេកទេសបំណិនជីវិត តាមបែបការរស់នៅជាមួយធម្មជាតិ ដូចជា ការបង្កាត់ភ្លើងប្រើប៉ុយ ដាំបាយដោយមិនប្រើឆ្នាំង របៀបមើលទិសដោយមិនប្រើត្រីវិស័យ និងសញ្ញាដើរព្រៃ។
លើសពីនេះ ពួកគេក៏ទទួលបានជំនាញទន់ គ្រប់គ្រងតាមរយៈសកម្មភាពជាក្រុម និងជីវភាពរស់នៅជាក្រុម របៀបបង្កើតគំនិត ដែលមានភាពច្នៃប្រឌិត និងចេះដោះស្រាយដោយខ្លួនឯង ការបង្កើតមិត្តភាពការរក្សាភាតរភាព សាមគ្គីភាព សិល្បៈនៃការចែករំលែក និងតម្លៃសន្តិភាពក្នុងការចូលរួមអភិវឌ្ឍសង្គម ការអភិរក្ស និងការអភិវឌ្ឍមរតកវប្បធម៌ ដូចជាប្រាសាទបុរាណរាប់រយពាន់ ដែលជាស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ ទទួលបានតម្លៃ និងទឹកចិត្តស្រឡាញ់ប្រកបដោយការកោតសរសើរ និងស្ញប់ស្ញែងចំពោះវប្បធម៌ និងអរិយធម៌តាមរយៈប្រាសាទជាច្រើន។
លោក គង់ វិមាន បានបញ្ជាក់ប្រាប់យុវជនថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជាបានកំណត់វិស័យអប់រំជាវិស័យអាទិភាពដ៏សំខាន់ ក្នុងគោលនយោបាយនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ ហើយវិស័យអប់រំបច្ចុប្បន្ន កំពុងមានការរីកចម្រើនលើគ្រប់ផ្នែក ក្នុងការលើកកម្ពស់សមត្ថភាពសិស្ស និស្សិត ប្រជាពលរដ្ឋ លើកកម្ពស់សិទ្ធិ និងការទទួលខុសត្រូវរបស់យុវជន ដែលជាកម្លាំងសកម្មរបស់ប្រទេសជាតិ ព្រមទាំងទប់ស្កាត់ និងកាត់បន្ថយភាពអសកម្ម តាមរយៈគោលនយោបាយជាតិ។
លោកបានផ្តាំផ្ញើដល់យុវជនទាំងអស់ ត្រូវមានចក្ខុវិស័យវែងឆ្ងាយភាពច្បាស់លាស់ ទន់ភ្លន់ សុភារាបសា ម៉ឺងម៉ាត់ និងមានភាពទទួលខុសត្រូវ និងយកបទពិសោធន៍ទាំងអស់ ក្នុងពេលបោះជំរំយកទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បន្តផ្សព្វផ្សាយចែករំលែកដល់យុវជនដទៃទៀតឲ្យបានទូលំទូលាយ ដើម្បីរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់របស់សង្គមជាតិ ពិសេសត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍។
យុវជនឈ្មោះ ឈាង សុធារិទ្ធ មកពីវិទ្យាល័យស្ទឹងសែន បានលើកឡើងថា ការបោះជំរំថ្នាក់ជាតិដែលមានការចូលរួមសិស្សានុសិស្សទាំង២៥រាជធានី-ខេត្ត បានផ្តល់ភាពសប្បាយរីករាយ ទទួលបាននូវបំណិនជីវិតល្អៗ ចេះសាមគ្គីគ្នា ពួតដៃគ្នាធ្វើកាងារឲ្យបានល្អដើម្បីយកជ័យជំនះ ពិសេសលូតលាស់ស្មារតីក្នុងការស្រលាញ់សន្តិភាព ស្រលាញ់ជាតិកម្ពុជាដ៏កំសត់របស់គេ និងបានប្ដេជ្ញាសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីចូលរួមថែរក្សាការពារសន្តិភាពជាមួយរាជរដ្ឋាភិបាល៕