(ភ្នំពេញ)៖ ក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងបរិស្ថានឆ្នាំ២០១៧ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថានបានប្រើប្រាស់កញ្ចប់ថវិកាចំនួន ២១ពាន់លានរៀល សម្រាប់គ្រប់គ្រងសំណល់រឹងរាវនៅតាមក្រុងគោលដៅចំនួន២៦ ទូទាំងប្រទេស ចាប់ពីឆ្នាំ២០១៥-២០១៧។
សន្និបាតខាងលើត្រូវបានធ្វើឡើងក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី នៅទីស្ដីការក្រសួងបរិស្ថាន។
លោក សាយ សំអាល់ ថ្លែងយ៉ាងដូច្នេះថា «ចំពោះកិច្ចគាំពារបរិស្ថាន ក្រសួងបានខិតខំអនុវត្តតួនាទីរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវ ដើម្បីធានាបរិស្ថានស្អាត និងបៃតង សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ ក្នុងនោះក្រសួងបានបង្កើត និងអនុវត្តកញ្ចប់ថវិកាសេវាអនាម័យ បរិស្ថាន សម្រាប់អនុវត្តមុខងារគ្រប់គ្រងសំណល់រឹងរាវតាមក្រុងគោលដៅចំនួន២៦ ចាប់តាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ ដែលមានថវិកាសរុបចំនួន ២១ពាន់លានរៀល»។
លោករដ្ឋមន្ត្រីបានបន្តថា ការអនុវត្តការងារគាំពារបរិស្ថាននោះ ក្រសួងបរិស្ថានក៏បានចុះតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងតម្រង់ទិសការអនុវត្តការផ្ទេរមុខងារ និងការប្រើប្រាស់ថវិកាឲ្យកាន់តែមានប្រសិទ្ធភាព និងគណនេយ្យភាពផងដែរ។
បើតាមលោក សាយ សំអាល់ ជាយុទ្ធសាស្ត្របន្ត ក្រសួងបរិស្ថាននឹងដាក់ចេញផែនការសកម្មភាព និងទិសដៅការងារអាទិភាព សម្រាប់ឲ្យគ្រប់អង្គភាពក្រោមឱវាទបន្តអនុវត្ត ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណអំពីបរិស្ថាន សំដៅប្រមូលផ្ដុំកម្លាំងមហាជនពីគ្រប់មជ្ឈដ្ឋានឲ្យចូលរួមកាន់តែសកម្មបន្ថែមទៀត ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព៕