(ភ្នំពេញ)៖ បេសកកម្មរបស់ក្រុមកីឡាប៉េតង់ជម្រើសជាតិកម្ពុជា ក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០១៧ នៅប្រទេសថៃបានបញ្ចប់ហើយ ដោយទទួលបានលទ្ធផលដ៏ល្អប្រសើរបំផុត ជាមួយនឹងការបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រដ៏អស្ចារ្យ ក្រោយផ្ដួលក្រុមម្ចាស់ផ្ទះថៃ ដើម្បីគ្រងមេដាយមាស ៣គ្រឿងទៀតផង ។ នេះបើតាមការអះអាងឲ្យដឹងរបស់លោក សូម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធកីឡាប៉េតង់កម្ពុជា ។
លោក សូម៉ៃ សុខគា បានបញ្ជាក់ថា សម្រាប់ការប្រកួតថ្ងៃចុងក្រោយ នាល្ងាចថ្ងៃទី១១ ខែធ្នូនេះ ក្រុមកីឡាប៉េតង់កម្ពុជា ទាំងក្រុមធំបុរស និងក្រុមយុវជន សុទ្ធតែបានយកឈ្នះក្រុមកីឡាករម្ចាស់ផ្ទះ នៅវគ្គផ្ដាច់ព្រ័ត្រដូចគ្នា លើវិញ្ញាសាវាយក្រុម ៣នាក់ ទល់នឹង ៣នាក់ ដើម្បីឈ្នះមេដាយមាស ២គ្រឿងបន្ថែម លើមេដាយមាស ១គ្រឿង ដែលដណ្ដើមបានដោយយុវជន ឃួន លីហ៊ លើវិញ្ញាសាវាយយកពិន្ទុ កាលពីម្សិលមិញ ខណៈ លីហ៊ ក៏បានបំបាក់កីឡាករយុវជនថៃ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រផងដែរ ។
លោកបញ្ជាក់ថា វាគឺជាប្រវត្តិសាស្ដ្រដ៏អស្ចារ្យសម្រាប់ក្រុមកីឡាប៉េតង់កម្ពុជា ដែលថៃធ្វើជាម្ចាស់ផ្ទះ តែក្រុមកីឡាប៉េតង់កម្ពុជា មានលទ្ធភាពទម្លាក់ពួកគេ គ្រងមេដាយមាសលើពីការរំពឹងទុកខាងលើ ។ ពិសេសគឺក្រុមយុវជន ដែលទើបកកើត ហើយមានឱកាសចេញទៅប្រកួតលើឆាកអន្ដរជាតិ តែសមត្ថភាពដណ្ដើមបានមេដាយមាសដល់ទៅ ២គ្រឿងលើវិញ្ញាសាជាក្រុម១ និងវិញ្ញាសាវាយយកពិន្ទុ ១ ។ សរុបមកកម្ពុជាដណ្ដើមបានមេដាយមាស ៥គ្រឿង គឺមានមេដាយមាស៣ និងសំរឹទ្ធ ២ ៕