(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពខណ្ឌ ជាមួយការប្រកាសតែងតាំងមន្ត្រីក្រោមឱវាទមាន អនុប្រធានការិយាល័យផែនការ និងអភិវឌ្ឍន៍ អនុប្រធានអង្គភាពលទ្ធកម្ម ប្រធានការិយាល័យធម្មការ ប្រធានមណ្ឌលសុខភាពព្រែកកំពឹស និងប្រធានប៉ុស្តិ៍សុខភាពប្រទះឡាង និងដាក់ផែនការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
កិច្ចប្រជុំនេះធ្វើឡើងដោយមានការចូលរួមពីអភិបាលរង លោកអធិការនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ តំណាងយោធភូមិភាគពិសេស ការិយាល័យចំណុះជំនាញនានាជុំវិញខណ្ឌ ចៅសង្កាត់ នាយប៉ុស្តិ៍ និងស្មៀនសង្កាត់ទាំង១៣។
លោក នុត ពុធដារ៉ា បានធ្វើការណែនាំឲ្យសង្កាត់ទាំងអស់យកចិត្តទុកដាក់ធ្វើវេទិកាសាធារណៈ ស្តីពីការអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាពឲ្យបានជាប្រចាំខែយកចិត្តទុកដាក់បង្ការ និងបង្រ្កាបបទល្មើសនានា កុំឲ្យកើតមានក្នុងមូលដ្ឋាន បន្តចាត់វិធានការលុបបំបាត់ចំពោះបញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ យកចិត្តទុកដាក់ចំពោះបញ្ហាអនាម័យបរិស្ថានបន្តចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវសាធារណៈនានាជាប់ជាប្រចាំ ជាពិសេសផ្លូវ២១៧ ក្នុងភូមិសាស្ត្រសង្កាត់ដង្កោ និងសង្កាត់ជើងឯក៕