(កំពង់ធំ)៖ រយៈពេលជិត១៥ឆ្នាំ ពោលគឺពីឆ្នាំ២០០៣ រហូតដល់ចុងឆ្នាំ២០១៧ កម្ពុជា-វៀតណាម បានសហការគ្នា ស្វែងរកអដ្ឋិធាតុកងទ័ពវៀតណាម ក្នុងខេត្តកំពង់ធំ បានចំនួន ១,០៥១នាក់ហើយ។ នេះបើតាមការបង្ហាញក្នុងអង្គសន្និបាតបូកសរុបលទ្ធផល ជីករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិត នៅទឹកដីខេត្តកំពង់ធំ រយៈពេល១៥ឆ្នាំ (២០០៣-២០១៧) និងទិសដៅអនុវត្តបន្ត ដែលបានប្រារព្ធឡើង នៅទីបញ្ជីការដ្ឋានសឹករងខេត្តកំពង់ធំ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ។
សន្និបាតនេះធ្វើឡើងក្រោមអធិបតីភាព លោក មាស ស៊ុ មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី៤ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងលោក វូ ទៀងដៀន ជាមេបញ្ជាការយោធាខេត្ត និងជាតំណាងប្រធានគណៈកម្មការជំនាញខេត្តប៊ិញភឿក ប្រទេសវៀតណាម ដោយមានការចូលរួមពី អាជ្ញាធរក្រុងស្រុក កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋផងដែរ។
ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានធ្វើរបាយការណ៍ដោយយោងស្មារតីនៃកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ស្តីពីកិច្ចប្រតិបត្តិការ ស្វែងជីករុករកអដ្ឋិធាតុកងទ័ពវៀតណាម ដែលបានពលីជីវិតនៅលើទឹកដីកម្ពុជា ក្នុងទស្សវត្សឆ្នាំ១៩៧០-១៩៨០ នាសម័យសង្គ្រាមកន្លងមក ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាមវិញ។ ចំពោះគណៈកម្មការស្វែងរក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលមានកិច្ចសហការរវាងគណៈកម្មការជំនាញខេត្តកំពង់ធំ និងគណៈកម្មការជំនាញយោធភូមិភាគទី៧ មានក្រុម K៧០ និងជំនាញគណៈកម្មការជំនាញ ខេត្តប៊ិញភឿក មានក្រុម K៧២។
លោកថា ចាប់តាំងពីឆ្នាំ២០០៣ រហូតមកដល់ខែឧសភា ឆ្នាំ២០១៧ ការស្វែងរកអដ្ឋិធាតុនៅក្នុងខេត្តកំពង់ធំបានចំនួន ១,០៥១អដ្ឋិធាតុ ប៉ុន្តែការស្វែងរកនេះ ធ្វើឲ្យជួបបញ្ហាខ្លះ ដោយសារកន្លែងកប់អដ្ឋិធាតុខ្លះ មានរយៈពេលយូរ ភូមិសាស្ត្រប្រែប្រួល អ្នកដឹងព័ត៌មានពីកន្លែងកប់អដ្ឋិធាតុមកដល់ពេលនេះ ពួកគាត់មានវ័យចាស់ ខ្លះជរា ខ្លះបាត់បង់ជីវិត ខ្លះទៀតប្តូរលំនៅដ្ឋាន និងប្រជាពលរដ្ឋកន្លែងខ្លះមិនទាន់សហការបានល្អ ក្នុងការផ្តល់ព័ត៌មានដោយផ្អែកលើ ការដោះស្រាយគោលនយោបាយ មានកម្រិតភូមិសាស្ត្រដែលកប់សាកសព មានរយៈពេលយូរ។
លោក វូ ទៀងដៀន បានថ្លែងថា អាជ្ញាធរខេត្តកំពង់ធំ និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ទទួលស្វាគមន៍ ចំពោះគណៈកម្មការខេត្តប៊ិញភឿក ក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា និងមានកិច្ចសហការល្អ ក្នុងកិច្ចសហប្រតិបត្តិការមិត្តភាពជិតខាងភូមិផងរបងជាមួយគ្នា។ លោកបានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ជាពិសេសអាជ្ញាធរខេត្តកំពង់ធំ ជួយផ្សព្វផ្សាយឲ្យបានដល់ប្រជាពលរដ្ឋ ដើម្បីជួយបង្ហាញទីតាំងកន្លែងកប់សាកសព៕
លោក គង់ វិមាន បានថ្លែងអំណរគុណក្នុងកិច្ចរិតចំណងមិត្តភាពរវាងកម្ពុជា-វៀតណាម ដែលជាប្រទេសជាប់ភូមិផងរបងជាមួយ ជាពិសេសខេត្តកំពង់ធំ និងខេត្តប៊ិញភឿក នៅតែបន្តសហការណ៍ស្វែងរកអដ្ឋិធាតុ តាមការកំណត់របស់ខេត្ត ហើយខេត្តប៊ិញភឿកតែងតែជួយឧបត្ថម្ភជាសម្ភារៈ និងថវិកាក្នុងការកសាងខេត្តកំពង់ធំ ក្នុងនោះដែរលោកបានស្នើឲ្យអាជ្ញាធរក្រុង-ស្រុកទាំងអស់ ជួយសហការបន្ត និងផ្សព្វផ្សាយឲ្យដល់ប្រជាពលរដ្ឋឲ្យគាត់បានយល់ពីការស្វែងរកអដ្ឋិធាតុ ដោយផ្តល់ព័ត៌មានទីតាំងកប់សព។
លោកបានប្តេជ្ញានឹងសហការឲ្យបានប្រសើរ ក្នុងការស្វែងរកអិដ្ឋិធាតុឲ្យបានច្រើនក្នុងឆ្នាំបន្តបន្ទាប់ ដោយជំរុញធ្វើការផ្សព្វផ្សាយព័ត៌មាន អំពីដំណឹងផ្នូរអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តយ៉ាងយកចិត្តទុកដាក់បន្ថែម ដល់មហាជនប្រជាជនឲ្យយល់ពីតម្លៃមនុស្សធម៌ និងគុណបំណាច់កងទ័ពស្ម័គ្រចិត្តក្នុងបុព្វហេតុជួយមាតុភូមិកម្ពុជា បន្តអនុវត្តគោលនយោបាយល្អជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីស្វែងរកអដ្ឋិធាតុកងទ័ពវៀតណាម៕