(ភ្នំពេញ)៖ ក្រុមហ៊ុនទូទាត់ប្រាក់ឌីជីថលថ្មី មានឈ្មោះថា «តារាផេ» ត្រូវបានដាក់សម្ពោធឲ្យដំណើរការប្រើប្រាស់ជាផ្លូវការ ក្រោមការវិនិយោគរួមគ្នារវាង ក្រុមហ៊ុនកាណាឌីយ៉ា និងក្រុមហ៊ុន FULLERTON នៃប្រទេសសិង្ហបុរី នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ។
ក្រុមហ៊ុន «តារាផេ» គឺជាក្រុមហ៊ុនថ្មីមួយផ្សេងទៀត បន្ថែមលើក្រុមហ៊ុនធំទាំងពីរ ដែលចូលខ្លួនមកបំពេញបន្ថែមលើ ក្រុមហ៊ុនប្រភេទសេវាកម្មហិរញ្ញវត្ថុ ដែលបច្ចុប្បន្នកំពុង ប្រតិបត្តិការបម្រើសេវាជូនអតិថិជន គឺក្រុមហ៊ុនធនាគារប្រៃសណីយ៍កម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី។
ប្រតិបត្តិការរបស់ «តារាផេ» មានទស្សនវិស័យប្រកបដោយសុទិដ្ឋិនិយម ក្នុងការផ្ដល់ជូនសេវាទូទាត់សាច់ប្រាក់ ដ៏សាមញ្ញងាយស្រួលប្រើប្រាស់និងរហ័សបំផុត។ ហើយអតិថិជនរបស់ តារាផេ នឹងមានលទ្ធភាពផ្ទេរប្រាក់នៅទូទាំងប្រទេស គឺដាក់ប្រាក់ដកប្រាក់បញ្ចូលកាតទូរស័ព្ទទូទាត់កម្ចី តាមគ្រឹះស្ថានហិរញ្ញវត្ថុ និងទូទាត់វិក្កយបត្រ ជាមួយក្រុមហ៊ុនដៃគូរផងដែរ។
បើតាមអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលរបស់កាណាឌីយ៉ា បានគួសបញ្ជាក់ថា បរិបទលក់រាយនៅប្រទេសកម្ពុជា កំពុងតែផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ហើយការទូទាត់ប្រាក់តាម ប្រព័ន្ធឌីជីថល ក៏ដើរតួយ៉ាងសំខាន់ផងដែរ។
អ្នកឧកញ៉ា ពុង ឃាវសែ បានបន្ដថា «យើងខិតខំពុះពារក្នុងការធ្វើឲ្យ «តារាផេ» ក្លាយជាតួរអង្គ ដ៏សំខាន់មួយនៅក្នុងបរិបទទីផ្សារលក់រាយ។ ក្រុមហ៊ុនកាណាឌីយ៉ា និងគាំទ្រយ៉ាងពេញ ទំហឹងសម្រាប់ការពង្រីកប្រព័ន្ធអេកូទូទាត់របស់ក្រុមហ៊ុន «តារាផេ» ដែលចាប់ផ្ដើមពីធនាគារកាណាឌីយ៉ាមុនគេ»។
លោក ភុក រដ្ឋា នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន «តារាផេ» បានលើកឡើងថា មហិច្ចតារបស់តារាផេ នឹងក្លាយជាជម្រើសរូបិយបណ្ណសម្រាប់អតិថិជន។ លោកថា «សេវាកម្មហិរញ្ញវត្ថុ គឺជាផ្នែកមួយដ៏សំខាន់នៃជីវភាពប្រចាំថ្ងៃ របស់ប្រជាជនកម្ពុជាទាំងអស់ ដូចជាអតិថិជនប្រើប្រាស់ទូទៅ និងអាជីវកម្មខ្នាតតូចជាដើម»។
លោក បានបន្ថែមទៀតថា ប្រជាពលរដ្ឋពួកគេព្យាយាមសន្សំពេលវេលាពួកគេកាត់បន្ថយ ការចំណាយលើប្រតិបត្តិការ និងធ្វើឲ្យជីវិតរស់រវើកប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយតារាផេ នឹងជួយសម្រួលដល់បែបផែនជីវិតរស់នៅរបស់ប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា ប្រតិបត្តិការរបស់តារាផេ ធ្វើឡើងតាមរយៈទូទាត់តាមពាណិជ្ជករ ជាដៃគូររបស់តារាផេ តាមរយៈកាបូបលុយអេឡិចត្រូនិច ប្រតិបត្តិការកាបួបលុយអេឡិចត្រូនិច ដាក់ប្រាក់ ដកប្រាក ជាមួយភ្នាក់ងារ ឬកាបូបលុយអេឡិចត្រូនិច បញ្ចូលកាតទូរស័ព្ទជាមួយភ្នាក់ងារ ឬកាបូបលុយអេឡិចត្រូនិច ទូទាត់ប្រាក់កម្ចីដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តាមរយៈភ្នាក់ងារ និងកាបូបលុយអេឡិចត្រូនិច និងសេវាកម្មបើកប្រាក់បៀវត្ស និងសេវាកម្មមួយចំនួនទៀត៕