(ភ្នំពេញ)៖ រយៈពេល១១ខែ ឆ្នាំ២០១៧ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានប្រមាណ ១,៨២៧.៦៣ដុល្លារអាមេរិក កើនឡើង២៩.៧៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន នៃកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា ឆ្នាំ២០១៧ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលអង្គភាពព័ត៍មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
កិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា ឆ្នាំ២០១៧នេះ ធ្វើឡើងក្រោមអធិបតីភាពលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងវត្តមានចូលរួមរបស់ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ លោកប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ និងមន្ត្រីពាក់ព័ន្ធទាំងអស់ក្រោមចំណុះ អគ្គនាយកដ្ឋានពន្ធដារ។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា «សម្រាប់រយៈពេល១១ ខែ ឆ្នាំ២០១៧ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន ៧,៣១០.៥១ ពាន់លានរៀល (ប្រមាណ ១,៨២៧.៦៣ លានដុល្លារអាមេរិក) ស្មើនឹង ១០៦,៥២% នៃគោលដៅកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។ ប្រសិនបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៦ ឃើញថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់រយៈពេល ១១ ខែ ឆ្នាំ២០១៧ កើនឡើងចំនួន ១,៦៧៦.១៥ ពាន់លានរៀល (ប្រមាណ ៤១៩.០៤ លានដុល្លារ) ស្មើនឹង ២៩.៧៥%»។
អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៧នេះ សង្កេតឃើញថា មានការកើនឡើងនូវប្រាក់ពន្ធស្ទើរគ្រប់ប្រភេទពន្ធ ជាពិសេសប្រភេទពន្ធ-អាករសំខាន់ៗ មានដូចជា ពន្ធលើប្រាក់ចំណូល កើនឡើង ៣១,១% អាករលើតម្លៃបន្ថែម កើនឡើង ២៩,៨ % ខណៈដែលអាករពិសេស កើនឡើង ១៥,០% និងពន្ធលើប្រាក់បៀវត្សមានការកើនឡើងចំនួន ៨,៦%។
ព្រមជាមួយគ្នានេះ លោក គង់ វិបុល បានផ្តល់អនុសាសន៍ណែនាំដល់អង្គភាពទាំងអស់ ដែលស្ថិតក្រោមឱវាទ របស់អគ្គនាយកដ្ឋានពន្ធដារ និងសមាជិកអង្គប្រជុំ ដូចខាងក្រោម៖
* បន្តការអប់រំផ្សព្វផ្សាយឱ្យបានកាន់ តែទូលំទូលាយ និងឱ្យបានកាន់តែជ្រួតជ្រាបថែមទៀត ក្នុងចំណោមមជ្ឈដ្ឋានអ្នកជាប់ពន្ធ ពាក់ព័ន្ធនឹងវិធាននិងនីតិវិធី នៃការបង់ពន្ធតាមប្រភេទពន្ធនីមួយៗ
* យកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងការគ្រប់គ្រងការស្នើសុំបង្វិល សងអាករលើតម្លៃបន្ថែម និងការដាក់លិខិតប្រកាស
* យកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង ការគ្រប់គ្រងទារបំណុលពន្ធ ជាពិសេស បំណុលពន្ធរ៉ាំរ៉ៃជាយូរមកហើយ
* ពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ ជាពិសេស ពន្ធសម្រាប់ជាប្រយោជន៍ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើយ៉ាងណាធានាបាននូវប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការប្រមូលចំណូលពន្ធទាំងនេះ
* ពង្រឹងការផ្តល់សេវាជូន អ្នកជាប់ពន្ធឱ្យបានកាន់តែប្រសើរ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី និងបំពាក់សម្ភារៈបរិក្ខាបច្ចេកវិទ្យា ព្រមទាំងពង្រឹងកិច្ចសហការជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ទៅតាមការចាំបាច់
* បន្តធ្វើបច្ចុប្បន្នភាពអចលនទ្រព្យ សម្រាប់ពន្ធលើអចលនទ្រព្យ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សំដៅធ្វើយ៉ាងណា ឱ្យការប្រមូលពន្ធប្រភេទនេះប្រព្រឹត្តទៅដោយរលូន
* ជំរុញការងារចុះបញ្ជីពន្ធដារ ឱ្យបានកាន់តែឆាប់រហ័សថែមទៀត តាមរយៈការពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសម្របសម្រួលការផ្តល់សេវា ចុះបញ្ជីពន្ធដារជូនអ្នកជាប់ពន្ធ
* បន្តយកចិត្តទុកដាក់អប់រំមន្ត្រីក្រោមឱវាទ ឱ្យរក្សាបាននូវអាកប្បកិរិយារួសរាយរាក់ទាក់ និងប្រើពាក្យសម្តីទន់ភ្លន់ទៅកាន់អ្នកជាប់ពន្ធ ចៀសវាងមានការថ្នាំងថ្នាក់ និងមិនសប្បាយចិត្តពីសំណាក់អ្នកជាប់ពន្ធដោយប្រកាណាមួយ
* រៀបចំសិក្ខាសាលាជូនមន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធគ្រប់មជ្ឈដ្ឋាន អំពីដំណើរការ និងនីតិវិធីនៃការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធតាមអនឡាញ ដែលអគ្គនាយកដ្ឋានពន្ធដារបានដាក់ឱ្យដំណើរការក្នុងពេលថ្មីៗនេះ
* ខិតខំបន្តកិច្ចសហការជាមួយ បណ្តាប្រទេសជាដៃគូនានា ដើម្បីជំរុញការងាររៀបចំកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតឱ្យទទួលបានជោគជ័យនិងប្រសិទ្ធភាពខ្ពស់
*បន្តរៀបចំលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យពន្ធដារ ដើម្បីឆ្លើយតប និងសម្រួលដល់ការងារគ្រប់គ្រងប្រមូលចំណូលពន្ធ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ និងមានភាពងាយស្រួល ច្បាស់លាស់សម្រាប់ការអនុវត្ត។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ក៏បានផ្តល់ការណែនាំបន្ថែម ដល់គ្រប់អង្គភាពឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់ម៉ឺងម៉ាត់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ ធ្វើយ៉ាងណាឱ្យអ្នកជាប់ពន្ធសប្បាយចិត្ត មិនសម្តែងការរអ៊ូរទាំនិងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនរដ្ឋ៕