(ភ្នំពេញ)៖ កងទ័ពខ្មែរដែលកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហាននៅតាមទល់ដែន បានប្រកាសជាមួយការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកម្ទេចរាល់ការប៉ុនប៉ងដ៏ទុច្ចរិតរបស់ក្រុមជនក្បត់ជាតិក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ បងប្អូនកងទ័ពដែលពលីកម្លាំងកាយ ដើម្បីបុព្វហេតុជាតិមាតុភូមិ ក៏បានប្រកាសប្រឆាំងដាច់ខាតដល់ការញុះញង់របស់លោក សម រង្ស៊ី និងបក្ខពួក ដែលបានញុះញង់កងទ័ពប្រឆាំងរាជរដ្ឋាភិបាល។
ការប្រកាសរបស់កងទ័ពការពារទឹកដីនៅទល់ដែនខ្មែរ-ថៃ បានធ្វើឡើងក្នុងពេលដែលពួកគេបានជួបសំណេះសំណាលជាមួយនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ។ កិច្ចសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ឬត្រូវបានគេប្រសិទ្ធនាមថាជាមេទ័ពជាយដែននោះ។
ក្នុងកិច្ចសំណេះសំណាលនេះទាំងនាយឧត្តមសេនីយ៍ គន់ គីម និងនាយឧត្តមសេនីយ៍ ជា តារា បានបង្ហាញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍជាតិមាតុភូមិនាពេលបច្ចុប្បន្ន។ ជាពិសេសការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងយ៉ាងដូច្នេះ «សម្តេចប្រមុខរាជរដ្ឋាភិបាលបានគិតគូរពីសុខទុក្ខរបស់បងប្អូនជាប់ជានិច្ច ជាពិសេសការជួយជំរុញជីវភាពរបស់បងប្អូនកងទ័ព។ ជាក់ស្តែងនៅពេលបច្ចុប្បន្ននេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជារបបគោលនយោបាយដល់បងប្អូនមានដីធ្លីសម្រាប់បង្កបង្កើនផល និងធ្វើស្រែចំការជាដើម ប្រាក់បៀវត្សរ៍ទៀតសោតត្រូវបានដំឡើងជារៀងរាល់ឆ្នាំ»។
ក្រៅពីការបង្ហាញនូវការគិតគូរ និងយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលហើយ នាយឧត្តមសេនីយ៍ គន់ គីម បានអំពាវនាវដល់កងទ័ពត្រូវរក្សាជំហរឲ្យរឹងមាំជាទីបំផុត ដោយមិនត្រូវជឿតាមការញុះញង់នានាក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់សម្តេចតេជោ ហ៊ុន សែន ដែលនាំឲ្យសង្គមជាតិទាំងមូលជួបវឹកវរ ឬអន្តរាយនោះឡើយ។
«បងប្អូនកងទ័ពយើងត្រូវដឹងឲ្យច្បាស់ថា នរណាជាអ្នកកសាងសន្តិភាព កសាងជាតិ ជាពិសេសតែងបានជួយទំនុកបម្រុងយើងសព្វបែបយ៉ាងទាំងអស់ គឺសម្តេចតេជោ ហ៊ុន សែន។ មិនត្រូវជឿតាមការញុះញង់របស់ក្រុមជនក្បត់ជាតិ ទណ្ឌិត សម រង្ស៊ី នោះទេ។ ពួកនេះមិនបានធ្វើអ្វី ដើម្បីជាតិនោះទេ ពួកគេមានតែបំណងទុច្ចរិតបំផ្លាញជាតិមាតុភូមិរបស់យើងតែប៉ុណ្ណោះ។ ពួកគេមិនដែលបានរួមរស់ គិតគូរ និងដឹងពីសុខទុក្ខរបស់បងប្អូនកងទ័ពរបស់យើងនោះឡើយ»។
ក្រោយពីបានជួបសំណេះសំណាលនេះហើយ ក្រុមកងទ័ពបានឡើងប្តេជ្ញាចិត្តយ៉ាងមុតមាំគោរពច្បាប់ប្រទេសជាតិ គោរពវិន័យរបស់កងទ័ព។ ជាពិសេសប្តេជ្ញាការពាររាជរដ្ឋាភិបាលកម្ពុជា ដែលបានកើតចេញពីការបោះឆ្នោតដោយស្របច្បាប់។
បងប្អូនកងទ័ព ក៏បានប្រកាសប្រឆាំងដាច់ខាតផងដែរ ចំពោះការញុះញង់របស់លោក សម រង្ស៊ី និងបក្ខពួក ឲ្យកងទ័ពងើបបះបោរប្រឆាំងរាជរដ្ឋាភិបាល៕