(ភ្នំពេញ)៖ មន្ត្រីកាំកុងត្រូលបានបន្តចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូប្រេងឥន្ធនៈមួយចំនួននៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងខណ្ឌចំការមន ក្នុងបំណងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់យានយន្តទាំងឡាយ ពីការក្លែងបន្លំរបស់ម្ចាស់ស្ថានីយ ហើយក៏ជារួមចំណែកការពារបរិស្ថាន ដែលកើតចេញពីចំហេះប្រេងឥន្ធនៈមិនសមស្រប។ ការចុះត្រួតពិនិត្យនេះ បានរកឃើញស្ថានីយប្រេងឥន្ធនៈចំនួន២ លក់ប្រេងមិនគ្រប់តាមលេខកុងទ័រនោះឡើយ។
ការចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូប្រេងឥន្ធនៈនាព្រឹកថៃ្ងទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ ដឹកនាំដោយ លោក គឿន ភិរុណ ជាអនុប្រធាននាយកដ្ឋាន សហការជាមួយមន្រ្តីជំនាញរបស់មន្ទីពិសោធន៍ ដោយមានរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័តផងដែរ។
លោក គឿន ភិរុណ បានឲ្យដឹងថា ការត្រួតពិនិត្យគុណភាព និងបរិមាណនេះ គឺផ្អែកទៅលើឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជាធុងក្រឹតមានមាឌជាក់លាក់សម្រាប់វាស់បរិមាណប្រេងដែលបាញ់ចេញពីកុងទ័រ តាមទំហំផ្សេងៗខុសគ្នាមាន ចំណុះ ២លីត្រ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត ។
ជាលទ្ធផលនៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយក្រុមហ៊ុន និងដេប៉ូទាំង ០៤ កន្លែងនៅទីតាំងខាងលើនេះ គឺមានស្ថានីយក្រុមហ៊ុន ០២កន្លែង ដែលមានអនុលោមភាពលើផ្នែកគុណភាព និងរង្វាស់រង្វាល់ ចំណែកដេប៉ូ ០២ កន្លែងទៀត មានកង្វះបរិមាណប្រេងមិនត្រឹមត្រូវតាមបទដ្ឋានរង្វាស់រង្វាល់ឡើយ។ នេះបើតាមការបញ្ជាក់របស់លោក គឿន ភិរុណ។
ក្រោយពិនិត្យឃើញបែបនេះ ក្រុមមន្ត្រីត្រួតពិនិត្យបានឲ្យម្ចាស់ស្ថានីយក្រុមហ៊ុន និងដេប៉ូធ្វើកិច្ចសន្យាកែតម្រូវម៉ាស៊ីនលក់ប្រេង តាមការធ្វើព្យាសកម្មឲ្យបានត្រឹមត្រូវឡើងវិញ ពីស្ថាប័នមានសមត្ថកិច្ច និងបានណែនាំឲ្យម្ចាស់ស្ថានីយលក់សាំងស៊ុបពែរ ដែលមានសន្ទស្សន៍អុកតានពិតបា្រកដ។
លោក គឿន ភិរុណ បានបញ្ជាក់ថែមទៀតថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការ ត្រួតពិនិត្យអោយបានគ្រប់ស្ថានីយទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយក៏បានអំពាវនាវដល់ម្ចាស់ ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូលក្នុងកិច្ច ការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ហើយចំពោះក្រុមហ៊ុន/ដេប៉ូ ដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈមិនសមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះសោធនឹងត្រូវទទួលរងនូវ ចំណាត់ការតាមនីតិវិធី នៃច្បាប់ជាធរមាន។
លោកអនុប្រធាន បានអំពាវនាវដល់អ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ដែលជាក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មី លក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ហើយគ្រប់ ចំនួនលីត្រ។ លើសពីនោះ ត្រូវពិនិត្យមើលលេខកុងទ័រនៅពីចំណុចសូន្យជានិច្ចមុនពេលចាក់ ហើយតាមដាន ដំណើរការនៃលេខកុងទ័រដែលត្រូវចាប់ផ្កើមជាមួយគ្នានឹងម៉ាស៊ីនបាញ់ប្រេងរហូតដល់ចំនួនលីត្រចុងក្រោយ ដែលបាន ស្នើតាមដានសេចក្តីជូនដំណឹងពីតម្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម និងត្រូវប្រុងប្រយ័ត្ន សុវត្ថិភាពផ្នែកអគ្គីភ័យ ដោយពន្លត់ម៉ាស៊ីនយានជំនិះពេលចាក់បំពេញប្រេងក្នុងស្ថានីយ។
លោក ភិរុណ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមផ្តល់ព័ត៌មានទៅមន្រ្តីជំនាញកាំកុងត្រូលប្រចាំរាជធានី ខេត្ត ឬមកអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងករណីមានបាតុភាពជាយថាហេតុណាមួយ៕