(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍បឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ បានឃាត់ខ្លួនជនសង្ស័យវ័យ១៤ឆ្នាំម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ​នៅចំណុចប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើងក្រុម១០៩ ភូមិ២៣ សង្កាត់បឹងកក់២។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ​​រី សុខ ហៅត្រេន អាយុ១៤ឆ្នាំ ស្នាក់នៅប្លុករោងចក្រឆ្នាំងផ្លូវរថភ្លើងក្រុម១០៩ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយក្នុងនោះកម្លាំងជំនាញ ដកហូតបាន ថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា ចំនួន៤០កញ្ចប់ និងទូរស័ព្ទដៃចំនួន០១គ្រឿង​។

បើតាមមន្ដ្រីនគរបាល មុនពេលកើតហេតុ កម្លាំងនគរបាល​ប៉ុស្តិ៍បាន​ល្បាតការពារសុវត្ថិភាពក្នុងមូលដ្ឋាន បានប្រទះឃើញជនសង្ស័យ ខាងលើកំពុងធ្វើសកម្មភាពឈរលក់គ្រឿងញៀន នៅតាមបណ្តោយផ្លូវរថភ្លើង ពេលនោះកម្លាំងសមត្ថកិច្ច​បានធ្វើការបង្ក្រាបឃាត់ខ្លួនជាក់ស្តែង និងចាប់យកវត្ថុតាង។

​ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕