(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា ស្របពេលប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ បណ្តាទីក្រុងធំៗកម្ពុជា កំពុងប្រឈមនឹងការកើនឡើងនូវសំណល់រឹង រាវ បង្កជាផលប៉ះពាល់ដល់បរិស្ថាន ដែលភាគីពាក់ព័ន្ធត្រូវរកវិធានការដោះស្រាយ។
លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងបែបនេះ តាមរយៈសុន្ទរកថាមួយ នៅក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨» របស់ក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ។
ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានថ្លែងយ៉ាងដូច្នេះថា «ស្របពេលដែលប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ កំណើនប្រជាជននៅតាមទីប្រជុំជន និងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក៏មានការកើនឡើងយ៉ាងឆាប់រហ័ស ដែលបាននាំមកនូវបញ្ហាប្រឈមជាច្រើន និងបង្កឱ្យមានផលប៉ះពាល់ អវិជ្ជមានដល់គុណភាពបរិស្ថាន ធនធានធម្មជាតិ តុល្យភាពប្រព័ន្ធអេកូឡូស៊ី សោភ័ណភាពទីក្រុង និងសុខមាលភាពសង្គម»។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តទៀតថា «បណ្តាទីប្រជុំជនក្រុងធំៗ បាននិងកំពុងប្រឈមនឹងការកើនឡើងនូវបរិមាណសំណល់រឹង រាវ ការថយចុះគុណភាពទឹក ដី និងខ្យល់ ការរំខានដោយសំឡេង បញ្ហាកកស្ទះចរាចរណ៍ កំណើនតម្រូវការថាមពល ក៏ដូចជា កង្វះលំហបៃតង ដែលតម្រូវឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវពិចារណាស្វែងរកដំណោះស្រាយឱ្យបានសមស្រប។ ទន្ទឹមនឹងនេះ បញ្ហានៃការប្រែប្រួលអាកាសធាតុ ក៏បានរួមចំណែកជះឥទិ្ធពលអវិជ្ជមាន ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុវត្ថិភាពប្រព័ន្ធអេកូឡូស៊ីផងដែរ ដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវបន្តសហការឱ្យបានជិតស្និទ្ធ ក្នុងការស្វែងរកវិធានការដោះស្រាយ»។
នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានផ្តល់អនុសាសន៍មួយចំនួនជូនដល់ក្រសួងបរិស្ថាន និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយនូវបញ្ហាបរិស្ថានទាំងនេះផងដែរ៕