(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុញ្ញាតឲ្យលោកស្រី MARTA SANTOS PAIS តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទូលបន្ទុកអំពើហិង្សាលើកុមារ និងសហការី ជួបពិភាក្សាការងារ នៅសូហ្វីតែល ដើម្បីស្វែងយល់ពីបញ្ហាកុមារនៅក្នុងប្រទេសកម្ពុជា។
នៅព្រឹកថ្ងៃដដែលនោះ លោកស្រី MARTA SANTOS PAIS ក៏បានអញ្ជើញចូលរួមនៅក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ នាឆ្នាំ២០១៧-២០២១ផងដែរ ក្រោមវត្តមានលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
បើតាមការលើកឡើងរបស់លោករដ្ឋមន្រ្តី វង សូត បានឲ្យដឹងថា តាមរយៈការខិតខំប្រឹងប្រែងកន្លងមក ប្រទេសកម្ពុជា បានក្លាយជាប្រទេសឈានមុខគេ ក្នុងបណ្តាប្រទេសរបស់អាស៊ាន ដែលបានធ្វើការអង្កេត សិក្សាស្រាវជ្រាវពីស្ថានភាពអំពើហិង្សាលើកុមារ ដែលមានលក្ខណៈវិទ្យាសាស្រ្ត ក្នុងការកំណត់ទំហំ វិសាលភាព ការផ្តល់ភស្តុតាងជាក់លាក់ នៃអំពើហិង្សាលើកុមារទាំងផ្លូវភេទ ផ្លូវកាយ និងផ្លូវចិត្ត ដែលកុមារបានជួបប្រទះ និងកំពុងប្រឈម។
នៅក្នុងកិច្ចពិភាក្សាគ្នាខាងលើនេះ លោករដ្ឋមន្រ្តីក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់មន្រ្តីពាក់ព័ន្ធទាំងអស់ នៃប្រទេសកម្ពុជាលើបញ្ហានេះ ក្រោមការណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕