(ភ្នំពេញ)៖ ក្រោយមានករណីផ្ទុះឡចំហាយក្នុងរោងចក្រ៤ករណីរួចមក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់វិធានការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ច តាមរយៈការបើកវគ្គបណ្ដុះបណ្ដាលស្តីពីមូលដ្ឋានគ្រឹះ និងសុវត្ថិភាពឡចំហាយ ដើម្បីអនុវត្តការងារទប់ស្កាត់គ្រោះថ្នាក់ផ្ទុះឡចំហាយនេះ។
វគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះ និងសុវត្ថិភាពឡចំហាយនេះ ត្រូវបានធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្តីក្រសួងការងារ ក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ។
ជាមួយនឹងការលើកឡើងពីលទ្ធផលការងារ និងការវិធានការការពារមួយចំនួនចំពោះបញ្ហាឡចំហាយនេះ លោក អ៉ិត សំហេង បានស្នើឱ្យសិក្ខាកាមទាំងអស់ ក្រសួង-ស្ថាប័នក្រសួងពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ចែករំលែកការយល់ដឹងទៅដល់មន្ត្រី និងសហការីផ្សេងទៀត រៀបចំជាបណ្តាញការងារដើម្បីផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញមក ជាពិសេសជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ពង្រឹងអធិការកិច្ចរួមគ្នាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការត្រួតពិនិត្យប្រព័ន្ធឡចំហាយរៀបចំបង្កើតគោលការណ៍ណែនាំ ស្តីពីសុវត្ថិភាពក្នុងការប្រើប្រាស់ឡចំហាយ ក្នុងសហគ្រាស-គ្រឹះស្ថាន ដោយសហការជាមួយស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ
ជំរុញសកម្មភាពផ្សព្វផ្សាយអំពីសុវត្ថិភាពនៃការប្រើប្រាស់ឡចំហាយ នៅក្នុងសហគ្រាស-គ្រឹះស្ថាន តាមរយៈការបញ្ចូលនៅក្នុងកម្មវិធីបណ្តុះបណ្តាល និងការផលិតជាខិត្តប័ណ្ណណែនាំផ្សេងៗ។
លោកបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ បានយកចិត្តទុកយ៉ាងខ្លាំងក្នុងគាំពារដល់កម្មករនិយោជិត តាមរយៈការដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ ដើម្បីធានានូវកំណើនការងារ ការបណ្តុះបណ្តាលវិជ្ជាជីវៈ សុវត្ថិភាពការងារ ប្រព័ន្ធរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលសិ្ថតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្តីពីការងារ និងការលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត។ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាខាងលើ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ទិសដៅនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៤-២០១៨។
ជាលទ្ធផល ក្រសួងការងារបានសម្រេចបាននូវលទ្ធផលការងារសំខាន់ៗ រួមមាន៖
* ការកែលម្អប្រព័ន្ធអធិការកិច្ចការងារ និងអធិការកិច្ចសុខភាព និងសុវត្ថិភាពការងារ។
* ការជំរុញការរៀបចំសេវាពេទ្យនៅតាមសហគ្រាស-គ្រឹះស្ថាន។
* ការបង្កើតសេចក្តីព្រាងបញ្ជីឈ្មោះជំងឺវិជ្ជាជីវៈ ដោយយោងទៅលើបញ្ជីឈ្មោះជំងឺវិជ្ជាជីវៈ របស់អង្គការអន្តរជាតិខាងការងារ។
* ការដាក់ឱ្យអនុវត្តរបបថែទាំសុខភាព សម្រាប់កម្មករនិយោជិតដែលស្ថិតនៅក្រោមច្បាប់ស្តីពីការងារ។
* ការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ ដើម្បីពង្រឹងប្រព័ន្ធសុខភាព និងសុវត្ថិភាពថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគ្រាស គ្រឹះស្ថាន ដែលជាកម្លាំងជំរុញដ៏សំខាន់ក្នុងការកសាងវប្បធម៌សុខភាព និងសុវត្ថិភាពការងារនៅកន្លែងធ្វើការ។
ការរៀបចំវគ្គបណ្តុះបណ្តាលនាពេលនេះ ដើម្បីឆ្លើយតបទាន់ពេលវេលានូវតម្រូវការរបស់ប្រទេសកម្ពុជា ដើម្បីយល់ដឹង និងដោះស្រាយរួមគ្នាក្នុងការប្រើប្រាស់ប្រព័ន្ធឡចំហាយ នៅក្នុងសហគ្រាស គ្រឹះស្ថានប្រកបដោយសុវត្ថិភាព និងបញ្ឈប់គ្រោះថ្នាក់កុំឱ្យកើតឡើងសារជាថ្មី ដើម្បីការពារសុខភាព និងសុវត្ថិភាពការងារដល់កម្មករនិយោជិតគ្រប់រូប។
សូមជម្របថា កន្លងមក មានករណីផ្ទុះឡចំហាយចំនួន៤ករណីហើយ បានកើតឡើងនៅក្នុងសហគ្រាស គ្រឹះស្ថាន និងបណ្តាលឱ្យកម្មករនិយោជិតបាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលជាច្រើននាក់។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ក្រសួងការងារបានដាក់ចេញសេចក្តីជូនដំណឹង ស្តីពីការប្រតិបត្តិការប្រព័ន្ធឡចំហាយឱ្យមានសុវត្ថិភាព ដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន និងបានរៀបចំបែបបទផាកពិន័យទៅលើសហគ្រាស គ្រឹះស្ថានណា ដែលមិនអនុវត្តត្រឹមត្រូវតាមបទប្បញ្ញតិ្តនៃច្បាប់ស្តីពីការងារ ព្រមទាំងជំរុញកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យការប្រើប្រាស់ប្រព័ន្ធឡចំហាយឱ្យមានសុវត្ថិភាព៕