(ភ្នំពេញ)៖ ក្រុមហ៊ុនលក់ផ្ទះល្វែងវីឡាទំនើប «TV Star» នៅព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១​ ខែធ្នូ ឆ្នាំ២០១៧ បានដាក់សម្ពោធក្នុងការលក់គម្រោងផ្ទះល្វែងវីឡាទំនើប ដែលមានឈ្មោះថា «TV Star» ដែលជាប្រភេទផ្ទះល្វែង តែសាងសង់ជាផ្ទះវីឡាដ៏ល្អប្រណិត ហើយមកទល់នឹងពេលនេះ ត្រូវបានអតិថិជនកម្មង់ទិញអស់ ប្រមាណ៥០ភាគរយហើយ មុននឹងធ្វើការសាងសង់ជាផ្លូវការ។

ពិធីសម្ពោធដាក់លក់គម្រោងរបស់ ក្រុមហ៊ុនផ្ទះល្វែងវីឡាទំនើប «TV Star» ដោយមានការចូលរួមពី លោក សាំង វាសនា អគ្គនាយកក្រុមហ៊ុន «TV Star», លោក អោម សេងបូរ៉ា នាយកប្រតិបត្តិក្រុមហ៊ុន Master Club ដែលជាដៃគូរសហការ នៃក្រុមហ៊ុនផ្ទះវីឡា «TV Star», លោក វេង ស៊ីគួ ទីប្រឹក្សាជាន់ខ្ពស់ក្រុមហ៊ុន ហើយពិធីត្រូវបានធ្វើឡើងនៅទីស្នាក់ការសាងសង់នៃក្រុមហ៊ុន រួមនឹងអតិថិជនមួយចំនួនទៀត ប្រមាណជា៥០០នាក់ នៅលើផ្លូវ៣០ម៉ែត្រ ផ្សារទួលពង្រ ភូមិធម៌ត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ ក្រុងភ្នំពេញ។

លោក សាំង វាសនា បានឲ្យដឹងថា «១០ឆ្នាំក្នុងវិស័យអចលនទ្រព្យក្រុមហ៊ុន TV Star ដំបូងឡើយប្រតិបត្តិការរកស៊ីដោយការពុះដីលក់។ បន្ទាប់មកក្រុមហ៊ុន ក៏ចាប់ផ្ដើមគិតគូរពីគម្រោងសាងសងផ្ទះល្វែង ផ្ទះវីឡា យកគំរូពីអគារក្នុងនិងក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុន TV Star អភិវឌ្ឍន៍គម្រោងផ្ទះល្វែងនៅមុខព្រលានយន្តហោះអន្តរជាតិ ៥០ល្វែងនៅក្នុងគម្រោងទី១។ ក្រោយមកទៀតគម្រោងទី២ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំនួន៦០ល្វែង។ ចំណែកគម្រោងទី៣ ដែលត្រូវបានដាក់សម្ពោធនៅថ្ងៃចន្ទទី១១ ធ្នូនេះ ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ ចំនួន៨៩ល្វែង»

លោកក៏បានសន្យាទៀតថា «ខ្ញុំនឹងអភិវឌ្ឍន៍លំនៅដ្ឋានផ្ទះល្វែងវីឡាទំនើប។ គម្រោងមួយនេះឲ្យមានគុណភាពល្អ និងមានស្តង់ដាលេខ១»។

លើសពីនេះ លោកក៏បានបញ្ជាក់ប្រាប់ដល់ អតិថិជនដែលគាំទ្រគម្រោងទាំងអស់ រួមនឹងដៃគូសហការថា «ត្រឹមរយៈពេលត្រឹមតែ៣៥ថ្ងៃ គិតមកទល់នឹងពេលនេះ ក្រុមហ៊ុនយើងខ្ញុំបានសម្រេចការលក់បានរហូតដល់ទៅ ៥០ភាគរយហើយ ដែលជាជោគជ័យមួយទៀតសម្រាប់ក្រុមហ៊ុន លក់ផ្ទះល្វែងវីឡាទំនើប «TV Star»

ជាមួយគ្នានេះផងដែរ លោក វេង ស៊ីគួ បានឲ្យដឹងថា លោកពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ផ្ទះល្វែងវីឡាទំនើប ដើម្បីបំពេញតំរូវការជូនប្រជាពលរដ្ឋខ្មែរយើងដែលចង់រស់នៅ ក្នុងបែបស៊ីវិល័យវីឡាទំនើប។ ហេតុដូចនេះហើយ ទើបក្រុមហ៊ុនសម្រេចសាងសង់ ផ្ទះល្វែងវីឡាទំនើប ដោយទិញផ្ទះល្វែង បានរស់នៅក្នុងវីឡាដ៏ស្រស់ស្អាត។

សូមរម្លឹកថា គម្រោងលំនៅដ្ឋាន វិឡាលំនៅដ្ឋាន TV Star គឺជាគម្រោងទី៣ហើយ ដែលក្រុមហ៊ុនបានចេញលក់ប្រកបដោយជោគជ័យ ដែលមានការគាំទ្រពីសំណាក់អតិថិជន ដែលបានទិញគម្រោង TV Star កន្លងមក។ លើសពីនេះក្រុមហ៊ុនលក់ផ្ទះវីឡាទំនើប TV Star ក៏មានការបញ្ចុះតម្លៃពិសេសជូនអតិថិជនផងដែរ៕