(កែប)៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃចំនួន១២៨៣នាក់ ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកែប។​

ការចុះព្យាបាលរបស់ ក្រុមគ្រូពេទ្យសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជានេះ ធ្វើឡើងក្នុង គោលបំណងចូលរួមចែករំលែក ភាពទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រ និងធ្វើឡើងក្រោមការចូលរួម ពីលោក ហេង សុខគង់ ប្រធាន ស.គ.ស.ស.យ.ក និងជាតំណាង
របស់លោក ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងក្រុមគ្រូពេទ្យកូរ៉េចំនួន ៣៣៣នាក់ ស្ថិតនៅក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ក្នុងនោះ​បានពិនិត្យព្យាលបាលជំងឺ ជូនពលរដ្ឋសរុបចំនួន១២៨៣នាក់ ដោយរួមមានជំងឺ ជំងឺទូទៅ ចំនួន១៤៥នាក់, ជំងឺបេះដូង និងសសៃឈាម ចំនួន៨៩នាក់, ជំងឺមនុស្សចាស់ ចំនួន៨៤នាក់, ជំងឺត្រចៀក ច្រមុះបំពង់ក ចំនួន៩២នាក់, ជំងឺភ្នែក ចំនួន១០៤នាក់, ជំងឺសើស្បែក និងកាមរោគ ចំនួន៤៥នាក់ ជំងឺផ្លូវចិត្ត ចំនួន៤២នាក់, ជំងឺកុមារ ចំនួន៥២នាក់, ជំងឺវះកាត់ និងរោគសន្លាក់ចំនួន៥០នាក់, ជំងឺមាត់-ធ្មេញ ចំនួន២៥នាក់, ពិនិត្យអេកូសាស្រ្ដ ចំនួន៣៤នាក់, រោគស្រ្ដី និងពិនិត្យផ្ទៃពោះ ចំនួន៣៨នាក់, ផ្នែកមន្ទីរពិសោធន៍ចំនួន៦២នាក់, អប់រំសុខភាពសារធារណៈ ចំនួន៩៤នាក់, ជំងឺតម្រងនោម ចំនួន៤០នាក់, ពិនិត្យបឋម និងវាសម្ពាធឈាម ចំនួន២៨៥នាក់ និងជំងឺតម្រងនោម ចំនួន៤០នាក់។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

សូមបញ្ជាក់ថា សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស៕