(ភ្នំពេញ)៖ អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋស្ដុកអំបោះហុង នៅម្ដុំ Camko City ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានរលត់ទៅវិញហើយ​ នៅវេលាម៉ោងប្រមាណជាង២រសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ។

ភ្នាក់ងារ Fresh News ដែលបានចុះទៅយកព័ត៌មានផ្ទាល់ នៅកន្លែងកើតហេតុ បានបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ អស់ចំនួន៧គ្រឿង ដើម្បីអន្ដរាគមន៍ជួយសង្គ្រោះ។

ដោយឡែកសម្រាប់មូលហេតុដែលបណ្ដាល ឲ្យមានគ្រោះថ្នាក់សង្គមមួយនេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ ប៉ុន្ដែការសន្និដ្ឋានជំហ៊ានដំបូង បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។ ចំណែកការខូចខាតវិញ មានអំបោះហុងមួយចំនួនធំ, រថយន្ដ Luxes RX330 មួយគ្រឿង និងសម្ភារៈក្នុងផ្ទះមួយចំនួនទៀត ដែលគិតជាទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារ៕​