(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី បានបញ្ជាក់ថា វត្តមានរបស់អង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិ ហៅកាត់ថា OPCW នៅកម្ពុជា បង្ហាញភស្ដុតាងជាក់ស្ដែងកាន់តែច្បាស់ថា កម្ពុជាមិនបានយករឿងគ្រាប់បែកគីមីនោះ ទៅវាយប្រហារសហរដ្ឋអាមេរិកនោះទេ។
សម្ដេច ទៀ បាញ់ បន្ថែមទៀតថា ដោយសារតែកម្ពុជាបានឃើញយ៉ាងច្បាស់ នូវអត្តសញ្ញាណរបស់សារធាតុគីមី នៃគ្រាប់បែកទាំងនោះហើយ ទើបបានស្នើទៅអង្គការសហប្រជាជាតិ ដើម្បីបញ្ជូនអ្នកជំនាញមកកម្ពុជា គឺអង្គការ OPCW ដើម្បីដោះគ្រាប់បែកទាំងអស់នេះ ហើយប្រសិនបើនៅពេលចុះប្រតិបត្តិការ អង្គការនេះនឹងមានចំណាត់ការ ជុំវិញបញ្ហាគ្រាប់បែកដែលទម្លាក់ដោយអាមេរិក។
នេះជាការបញ្ជាក់ របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយផែនការ សកម្មភាពជាតិគីមី ជីវសាស្រ្ត វិទ្យុសកម្ម នុយក្លេអ៊ែរ ដែលធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ។
សម្ដេច ទៀ បាញ់ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន យ៉ាងដូច្នេះថា «ប្រសិនបើយើងនិយាយតែឯងពេក ក្រែងគេគិតថាយើងមានគំនិត ឬចេតនាអាក្រក់ណាមួយចំពោះសហរដ្ឋអាមេរិកជាដើម ប៉ុន្តែខ្ញុំជឿជាក់ថា គេ (ក្រុមបច្ចេកទេស OPCW) មកឃើញជាក់ស្តែង អ្វីដែលយើងនិយាយកាលពីពេលមុន គឺថាវាអាចនឹង ទទួលបានផលច្រើន។ ជាក់ស្តែងដូចយើងធ្លាប់បាននិយាយហើយ គេមកទម្លាក់គ្រាប់បែកលើយើងហើយ គឺនៅតែបង្ខំឲ្យយើងសងបំណុលគេទៀត មិនត្រឹមតែប៉ុណ្ណឹងគេដាក់កំហឹតលើយើងទៀត»។
សម្រាប់ប្រតិបត្តិការរបស់អង្គការ OPCW នៅកម្ពុជា ត្រូវបានសម្ដេច ទៀ បាញ់ ឲ្យដឹងថា នឹងធ្វើឡើងនៅខេត្តចំនួន៣ ដែលបានបន្សល់ទុកនូវគ្រាប់បែកគីមី របស់សហរដ្ឋអាមេរិក គឺខេត្តមណ្ឌលគិរី, ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង ដែលជាមួយបន្សល់ទុកគ្រាប់បែកគីមីច្រើនជាងគេ។ ប៉ុន្ដែសម្រាប់រយៈពេល នៃប្រតិបត្តិការនេះ មិនទាន់បានកំណត់នៅឡើយទេ ដោយសារត្រូវពិនិត្យមើលទៅតាមភាពជាក់ស្ដែង នៃគ្រាប់បែកដែលបានបន្សល់ទុក។
សូមជម្រាបថា ក្រុមបច្ចេកទេសរបស់ អង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិ (Organization for the Prohibition of Chemical Weapons - OPCW) បានមកដល់កម្ពុជា នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីចូលរួមពិនិត្យវាយតម្លៃ ក្នុងប្រតិបត្តិការដោះគ្រាប់បែកគីមី ដែលទម្លាក់ដោយសហរដ្ឋអាមេរិក។
ការសម្រេចបញ្ជូនក្រុមបច្ចេកទេសរបស់អង្គការ OPCW មកកម្ពុជានេះ ធ្វើឡើងក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា ដាក់លិខិតផ្លូវការ ស្នើឲ្យអង្គការមួយនេះ ដើម្បីបញ្ជូនក្រុមបច្ចេកទេសខាងអាវុធគីមី មកពិនិត្យវាយតម្លៃ និងចូលរួមបោសសម្អាតគ្រាប់បែកគីមី ដែលរកឃើញនៅលើទឹកដីខេត្តស្វាយរៀង នៃប្រទេសកម្ពុជា ស្របតាមអនុសញ្ញាស្តីពីអាវុធគីមី របស់អង្គការសហប្រជាជាតិ៕