(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ បានចុះកិច្ចព្រមព្រៀង (MoU) ជាមួយអង្គការធំៗចំនួន៤ ក្នុងទំហំទឹកប្រាក់ជាង៦លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយអប់រំ ការសិក្សា និង អភិវឌ្ឍន៍កុមារងាយរងគ្រោះនៅកម្ពុជា ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។
អង្គការចំនួន៤ ដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងសង្គមកិច្ច នាព្រឹកមិញនេះ រួមមាន អង្គការសេវាកម្មតាមសហគមន៍ បានចុះកិច្ចព្រមព្រៀងគម្រោងជាមួយក្រសួងសង្គមកិច្ច ចំនួន៥លើក, អង្គការក្រុមនៃក្តីមេត្តាអន្តរជាតិ បានចុះកិច្ចព្រមព្រៀង ជាមួយក្រសួងសង្គមកិច្ច ចំនួន៣លើក, អង្គការមជ្ឈមណ្ឌលសេវាសង្គមអ៉ីវ៉ា បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងសង្គមកិច្ច ចំនួន១លើក, អង្គការម៉ារីណុលកម្ពុជា បានចុះកិច្ចព្រមព្រៀងគម្រោងជាមួយនឹងក្រសួងសង្គមកិច្ច ចំនួន២លើក។
ពិធីចុះហត្ថលេខានេះ មានការចូលរួមពី លោក ហាច ហ៊ាន អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញាវត្ថុ នៃក្រសួងសង្គមកិច្ច តំណាងឲ្យ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោក តូច ចាន់នី អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសង្គមកិច្ច មន្រ្តីពាក់ព័ន្ធរបស់ក្រសួង រួមនឹងតំណាងរបស់អង្គការទាំង៤ និងមន្រ្តី-ក្រុមការងារនៅតាមបណ្តាខេត្តជាច្រើនរូបទៀត។
លោក ហាច ហ៊ាន បានលើកឡើងថា ការចុះហត្ថលេខាជាមួយ អង្គការចំនួន៤ខាងលើនេះ គឺជាការចុះកិច្ចព្រមព្រៀងដែលមិនធ្លាប់មានពីមុនមក របស់ក្រសួងសង្គមកិច្ច។
ជំនួសមុខឲ្យរដ្ឋមន្រ្តី វង សូត, លោក ហាច ហ៊ាន បានស្នើឲ្យក្រុមការងារក្រសួង និងអង្គការ ដែលសហការ នាពេលនេះរួមគ្នា ដើម្បីធ្វើការងារ ជួយដល់ការអប់រំ ការសិក្សា និង អភិវឌ្ឍន៍កុមារ ងាយរងគ្រោះនៅកម្ពុជា ដាច់ស្រយាល និងជួយដល់ កុមារ កំព្រា កុមារក្រីក្រ និងកុមារដែលរងគ្រោះ ដោយសារអំពើហិង្សា។ សម្រាប់ក្រសួងសង្គមកិច្ចវិញ នៅតែស្វាគមន៍ជានិច្ច ជាមួយ ដៃគូពាក់ព័ន្ធ និងអង្គការនានា ដើម្បីជួយដល់ជនរងគ្រោះនៅកម្ពុជា ឲ្យមានជីវភាព និងជីវិតរស់នៅ ល្អប្រសើរថែមមួយកម្រិត ទៀត។
ជាមួយគ្នានោះ លោក តូច ចាន់នី អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសង្គមកិច្ច បានស្នើឲ្យអង្គការទាំង៤ខាងលើ ធ្វើសកម្មភាព និងអនុវត្ត គោរពទៅតាមការចុះកិច្ចព្រមព្រៀងគ្នា ជៀសវាងការធ្វើសកម្មភាពនយោបាយ និងគោរពឲ្យបានត្រឹមត្រូវតាមគោលការណ៍មនុស្សធម៌។
យោងតាមរបាយការណ៍របស់ លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអ្នកធ្វើការជិតស្និទ្ធជាមួយអង្គការទាំង៤ បានបង្ហាញឲ្យដឹងថា អង្គការសេវាកម្មតាមសហគមន៍ ចុះកិច្ចព្រមព្រៀងជាមួយក្រសួង រយៈពេល៣ឆ្នាំ ក្នុងទំហំទឹកប្រាក់សរុប ៨១៨, ២៧៤ ដុល្លារសហរដ្ឋអាមេរិក ដោយធ្វើសកម្មភាពចំនួន២កន្លែង នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល, ចំណែក អង្គការក្រុមនៃក្តីមេត្តាអន្តរជាតិ បានចុះកិច្ចព្រមព្រៀង ជាមួយក្រសួងសង្គមកិច្ច ក្នុងទំហំទឹកប្រាក់ ៣១៤,៣៣០ដុល្លារសហរដ្ឋអាមេរិក ដោយធ្វើសកម្មភាពចំនួន៤កន្លែង នៅក្នុងរាជធានីភ្នំពេញ ក្នុងសង្កាត់វាលស្បូវ, សង្កាត់និរោធ, សង្កាត់ច្បារអំពៅ២, និងសង្កាត់ព្រែកឯក ខណៈអង្គការមជ្ឈមណ្ឌលសេវាសង្គមអ៉ីវ៉ា បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងសង្គមកិច្ច លើថវិកាសរុប ៣១៨,០០០ ដុល្លារសហរដ្ឋអាមេរិក ដោយធ្វើសកម្មភាបចំនួន២កន្លែង នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ និង អង្គការម៉ារីណុលកម្ពុជា បានចុះកិច្ចព្រមព្រៀងគម្រោងជាមួយនឹងក្រសួងសង្គមកិច្ច លើថវិកា ៤, ៥៣៥, ៥៨៣.០៧ដុល្លារសហរដ្ឋអាមេរិក ដោយធ្វើសកម្មភាពចំនួន៣កន្លែង នៅរាជធានីភ្នំពេញ, កំពង់ចាម និងខេត្តកំពត។
របាយការណ៍ដដែលបានបញ្ជាក់ថា គោលដៅនៃការអនុវត្តគម្រោងរបស់អង្គការនីមួយៗ គឺផ្តោតសំខាន់លើការជួយឧបត្ថម្ភផ្នែកអប់រំសុខុមាលភាព ការអភិវឌ្ឍន៍កុមារ និងជីវភាពរស់នៅក្នុងសហគមន៍ក្រីក្រ, ជួយផ្តល់ជំនួយដល់កុមាររងគ្រោះ ដោយអំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានលើរាងកាយជាដើម៕