(អាហ្សង់ទីន)៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអង្គការពាណិជ្ជកម្មពិភពលោកលើកទី១១ បានបើកជាផ្លូវការហើយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅប្រទេសអាហ្សង់ទីន ក្រោមអធិបតីភាពលោក Mauricio Macri ប្រធានាធិបតីអាហ្សង់ទីន លោក Michel Temer ប្រធានាធិបតីប្រេស៊ីល លោក Horacio Cartes ប្រធានាធិបតីប៉ារាហ្គាយ និង លោក Tabaré Vázquez ប្រធានាធិបតីអ៊ុយរូហ្គាយ (Uruguay) ព្រមទាំងមានការចូលរួមពីរដ្ឋមន្រ្តីនៃសមាជិកអង្គការ WTO ចំនួន ១៦៤សមាជិក។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។ក្នុងពិធីបើកកិច្ចប្រជុំនេះ ប្រធានាធិបតីទាំង៤ និងលោក Roberto Azevêdo អគ្គនាយកអង្គការ WTO បានបង្ហាញពីសារៈសំខាន់ និងគាំទ្រពេញទំហឹងនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងភាពចាំបាច់នៃការចូលរួមរបស់ប្រទេសអភិវឌ្ឍន៍តិចតួច និងការចែករំលែកផលប្រយោជន៍ដែលអាចទទួលយកបាននៅក្នុងក្រុមប្រទេសអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច។
បន្ទាប់មកលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគីក្រៅផ្លូវការជាមួយ ឯកឧត្តម Emil Karanikolov រដ្ឋមន្រ្តីសេដ្ឋកិច្ចនៃសាធារណៈរដ្ឋប៊ុលហ្គារី ឯកឧត្តម Peter ZIGA រដ្ឋមន្រ្តីសេដ្ឋកិច្ចនៃសាធារណៈរដ្ឋស្លូវ៉ាគី ឯកឧត្តម Vladimir Bartl អនុរដ្ឋមន្រ្តីពាណិជ្ជកម្មក្រៅប្រទេសនៃសាធារណៈរដ្ឋឆេក ឯកឧត្តមបណ្ឌិត ISTVAN MIKOLA រដ្ឋលេខាធិការការបរទេស និងពាណិជ្ជកម្មនៃហុងហ្គារី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទ្វេភាគី និងក្រោមក្របខ័ណ្ឌសហភាពអឺរ៉ុប។
នៅក្នុងជំនួបប្រជុំដាច់ដោយឡែកពីគ្នា លោករដ្ឋមន្រ្តី ប៉ាន សូរស័កិ្ត បានបង្ហាញអំពីស្ថានភាពពាណិជ្ជកម្មទ្វេភាគី និងការកើនឡើងគួរឲ្យកត់សម្គាល់នូវកំណើនពាណិជ្ជកម្មនាំចេញ-នាំចូលរវាងកម្ពុជា ជាមួយប្រទេសជាសមាជិកសហគមន៍អឺរ៉ុបទាំងបួននេះ ដែលនេះ គឺជាផ្លែផ្កានៃប្រយោជន៍របស់ប្រព័ន្ធអនុគ្រោះ លើគ្រប់ទំនិញទាំងអស់លើកលែងសព្វាវុធ និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អក្នុងបណ្តាឆ្នាំកន្លងមក។
លោករដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្រ្តីនៃប្រទេសសមាជិកទាំងបួននេះ មានការគាំទ្រ និងយល់ស្របគ្នាថា កិច្ចសហប្រតិបត្តិការ និងការធ្វើពាណិជ្ជកម្មក្នុងបណ្តាឆ្នាំកន្លងមកពិតជាបានប្រតិបត្តិបានត្រឹមត្រូវ ហើយបានបញ្ជាក់ផងដែរថា ភាគីនីមួយៗត្រូវបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងពហុភាគីជាបន្ថែមទៀត សំដៅបង្កើនការនាំចេញពីកម្ពុជា និងការនាំចេញពីបណ្តាប្រទេសសមាជិកទាំងបួននេះ មកកម្ពុជាផងដែរ ដែលនឹងជួយបង្កើនចំណូល និងបង្កើតការងារជូនកម្មករ-កម្មការិនី និងប្រជាជនដែលបម្រើការងារផ្ទាល់ និងប្រយោលក្នុងវិស័យនីមួយៗ។
លោករដ្ឋមន្រ្តី ក៏បានអញ្ជើញគ្នាទៅវិញទៅមក ដើម្បីធ្វើទស្សនកិច្ចផ្លូវការក្នុងពេលវេលាសមស្រប នាឆ្នាំ២០១៨ សំដៅពិភាក្សា និងជំរុញការធ្វើពាណិជ្ជកម្មជាបន្តទៀត៕