(ត្បូងឃ្មុំ)៖ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ បានដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះធ្វើការត្រួតពិនិត្យគុណភាពទំនិញ និងពន្យល់ណែនាំរបៀបជ្រើសរើស អាហារដែលមានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរ ក្នុងផ្សារខ្នារ ផ្សារកណ្តោលជ្រុំ និងនៅតាមផ្ទះ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោក មាស មោរ៉ា ថ្លែងឲ្យដឹងថា ដើម្បីធានាសុវត្ថិភាពចំនីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋ ជាអ្នកទទួលទាននោះ លោករួមទាំងមន្ត្រីកាំកុងត្រូលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ តែងតែចុះត្រួតពិនិត្យជាប់ជាប្រចាំ ជាក់ស្តែងនៅថ្ងៃនេះ បានបន្តចុះត្រួតពិនិត្យគុណភាពទំនិញ ក្នុងគោលបំណងតែមួយគត់ គឺចង់អោយប្រជាពលរដ្ឋបរិភោគអាហារ ប្រកបទៅដោយគុណភាពល្អ លើសពីនេះអាចអោយគាត់ យល់ដឹងដោយខ្លួនឯង នៅរបៀបជ្រើសរើសម្ហូបអាហារណា ដែលមានសុវត្ថិភាព យកមកទទួលទាន។

ជាលទ្ធផល ក្រោយត្រួតពិនិត្យ បានរកឃើញ និងដកហូតទំនិញ ដែលខូចគុណភាព សំបកប៉ោងកំប៉ិត និងហួសកាលបរិច្ឆេទប្រើប្រាស់បានមួយចំនួន ដើម្បីយកទៅកំទេចចោលផងដែរ។

ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូល បានធ្វើការបិទស្ទីកឃ័រ និងបង្ហាញដល់អាជីវករ ក៍ដូចជាប្រជាពលរដ្ឋនូវរបៀបមើលថ្ងៃខែកំណត់នៃការបរិច្ឆេទ និងការជ្រើសរើសផលិតផលម្ហូបអាហារ ដែលមានសុវត្ថិភាពសម្រាប់ទទួលទាន និងបានធ្វើការអប់រំ ក៏ដូចជាណែនាំដល់អាជីវករ ឲ្យដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាល់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់ ។

ប្រជាពលរដ្ឋក៍បានចូលរួមសង្កេតនូវការចុះត្រួតពិនិត្យ របស់មន្ត្រីកាំកុងត្រូលខេត្ត ដោយបញ្ចេញអារម្មណ៍រីករាយ ដែលមន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ តែងតែគិតគូរពីគុណភាពទំនិញ និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងសំណូមពរអោយមានសកម្មភាពល្អៗ យកចិត្តទុកដាក់ពីមន្ត្រីជំនាញបែបនេះជាបន្ត ដើម្បីអោយបងប្អូនយើងទទួលបានទំនិញគុណភាព យកមកទទួលទាន ក៍ដូចជាសុខភាពល្អគ្រប់គ្នា ៕