(កំពង់ចាម)៖ «ការស្រាវជ្រាវលើប្រព័ន្ធខួរក្បាលចិត្តគំនិត ជាចំណេះដឹងទី១ ដើម្បីបន្តឈានទៅស្រាវជ្រាវលើបិរយាកាសសង្គមទាំងមូល»។ មួយឃ្លានេះជាការថ្លែងរនបស់ លោកសាស្ត្រាចារ្យ Stuart Vernon អ្នកជំនាញផ្នែកស្រាវជ្រាវ បានថ្លែងដូច្នេះក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាង MVRI អូស្ត្រាលី ជាមួយសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម ក្រោមប្រធានបទ «មជ្ឈមណ្ឌលឧត្តមភាព នៃការស្រាវជ្រាវ និងនិរន្តរភាព» ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច(UME) សាខាខេត្តកំពង់ចាម ក្រោមវត្តមានលោក មួន វាសនា ប្រធានគណៈគ្រប់គ្រង សាកលវិទ្យាល័យ UME។
លោកសាស្ត្រាចារ្យ Stuart Vernon បានថ្លែងថា ដោយយោងទៅលើអនុសាសន៍របស់ក្រសួងអប់រំ យុវជន និងកីឡា ប្រទេសកម្ពុជា ដែលបានយល់ឃើញថា ផ្នែកស្រាវជ្រាវ គឺមានសារសំខាន់ចំបង ក្នុងការធ្វើឲ្យយុវជន និងស្សិត នៃប្រទេសកម្ពុជា អាចស្វែងយល់ពីចំណេះដឹងកាន់តែប្រសើរ។ ហេតុដូច្នេះ ទើបសាស្ត្រាចារ្យ ដែលមានជំនាញផ្នែកស្រាវជ្រាវ MVRI នៃ ប្រទេសអូស្ត្រាលី បានមកធ្វើការចុះអនុស្សរណៈយោគយល់គ្នារវាង MVRI អូស្ត្រាលី ជាមួយសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម និងផ្តល់ជូនជាសៀវភៅឯកសារ សម្រាប់តម្កល់ ក្នុងបណ្ណាល័យនៃ សាកលវិទ្យាល័យ UME ដើម្បីទុកឲ្យសិស្សនិស្សិត ធ្វើការសិក្សាស្រាវជ្រាវ។
ឯកសារស្រាវជ្រាវមាន២ផ្នែក ដែលផ្នែកទី១ សម្រាប់ស្រាវជ្រាវពីប្រព័ន្ធផ្នែកខួរក្បាល ទាក់ទងទៅលើចិត្តគំនិត និងផ្នែកទី២ គឺសម្រាប់ស្រាវជ្រាវលើគ្រប់ប្រព័ន្ធទាំងលើផ្នែកវិទ្យាសាស្ត្រ និងសង្គមបរិយាកាសទាំងមូល។
ស្ថិតក្នុងឱកាសនោះដែរលោក មួន វាសនា ប្រធានគណៈគ្រប់គ្រង សាកលវិទ្យាល័យ UME បានឲ្យដឹងថា មជ្ឈមណ្ឌលស្រាវជ្រាវនេះ មានសារសំខាន់ណាស់ សម្រាប់និស្សិតដែលកំពុងសិក្សា និង ហើយជាងនោះទៅទៀត និស្សិតដែលបញ្ចប់ការសិក្សា ទៅធ្វើការខាងក្រៅ ក៏អាចមកធ្វើការស្រាវជ្រាវ នៅមជ្ឈមណ្ឌលស្រាវជ្រាវបានដែរ។
លោកបានបន្តទៀតថា កន្លងមក សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម បានធ្វើការសហការជាមួយស្ថាប័នជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេសក្នុងគោលបំណងឲ្យសិស្សនិស្សិត មានចំណេះដឹងទូលំទូលាយ និងបង្កការងាយស្រួលដល់និស្សិត ក្នុងការចង់ចូលបម្រើការងារ នៅពេលបញ្ចប់ការសិក្សា៕