(ភ្នំពេញ)៖ តារាសម្ដែងប្រុស លោក យូ ឌីស្កូ បន្ទាប់ពីចូលខ្លួនមកបកស្រាយ ឲ្យទស្សនិកជនបានជ្រាប តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ Fresh News TV និង Fresh News Radio កាលល្ងាចថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះរួចមក លោកបានរៀបរាប់ពីបញ្ហាសុខភាព និងជីវិតផ្ទាល់ខ្លួនជាច្រើន ក្រោយពីសុខភាពប្រសើរឡើង
និងអាចចូលសម្ដែង ក្នុងពិភពសិល្បៈវិញបានជាធម្មតា។ យ៉ាងណាមិញ សុខភាពរបស់លោកនៅមិនទាន់រឹងមាំ ជាសះស្បើយ ដូចមុននៅឡើយទេ ពោលគឺបានធូរជាងមុនត្រឹមតែ ៦០ ទៅ ៧០ ភាគរយប៉ុណ្ណោះ ព្រោះក្នុងរយៈពេល៣ថ្ងៃម្ដង លោកទៅមន្ទីរពេទ្យ ដើម្បីលាងឈាម និងតាមដានអាការៈជំងឺបន្តទៀត។
ជាមួយគ្នានេះផងដែរ តារាសម្ដែងលោក យូ ឌីស្កូ បានថ្លែងក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ប្រាប់ឲ្យដឹងថា «មូលហេតុដែលធ្វើឲ្យខ្ញុំ មានបញ្ហាជំងឺតំរងនោមធ្ងន់ធ្ងរនេះ គឺដោយសារតែខ្ញុំធ្វើការពិនិត្យមិនចំ ពោលគឺធ្លាប់តែទៅពិនិត្យឈាម ហើយមិនសូវចាប់អារម្មណ៍រឿងតំរងនោម និងមិនធ្លាប់បានពិនិត្យរឿងតំរងនោម អ៊ីចឹងពេលមានបញ្ហាខ្លាំង គឺឲ្យយើងដួលតែម្ដង។ ពេលដំបូងឡើយ យើងដឹងតែមានជំងឺ ដូចជាសន្លាក់ ឡើងជាតិអាស៊ីត ធ្វើឲ្យយើងហើមដៃហើមជើង ជាដើម បន្ទាប់មកយើងខំទៅញ៉ាំថ្នាំអាស៊ីត ញ៉ាំអី ផ្ទុយទៅវិញថ្នាំទាំងនោះ ធ្វើឲ្យប៉ះពាលក្រពះយ៉ាងខ្លាំង ជាពិសេសប៉ះពាលផ្នែកតំរងនោម តែម្ដង»។
លោក យូ ឌីស្កូ បានបន្តថា «រហូតមកទល់នឹងពេលនេះ ក្រោមការជួយជំនួយពីសំណាក់ កាកបាទក្រហមកម្ពុជា និងសមាគមសិល្បករខ្មែរ ព្រមទាំងមិត្តៗសិល្បករ សប្បុរសជននានា បញ្ហាសុខភាពរបស់ខ្ញុំ ប្រសើរឡើងវិញប្រមាណជាង ៧០ភាគរយហើយ ខណៈកាលពីចូលមន្ទីពេទ្យមានសង្ឃឹមតែ ៥ ភាគរយប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រសិនបើខ្ញុំដូរតំរងនោម ខ្ញុំនិងមានសុខភាពល្អ មានសាច់ឈាម និងអាចបញ្ចេញជាតិពុល បានដូចមនុស្សគ្រប់គ្នា ប៉ុន្ដែចំណាយក្នុងការដូរ គឺអស់ច្រើនពេកដោយតំរងនោមមួយ តម្លៃប្រមាណជាង ៤០ ០០០ ទៅ ៥០ ០០០ម៉ឺនដុល្លារអាមេរិក ឯណោះ។ នេះបើតាមការប្រាប់ជាយោបល់ ពីបងប្អូននៅក្នុង និងក្រៅប្រទេស គាត់ឲ្យទៅដូរនៅប្រទេសឥណ្ឌា ហើយខ្ញុំមិនទាន់មានលទ្ធភាព អាចផ្លាស់ប្តូរនោះទេ»។
គួរបញ្ជាក់ថា លោក យូ ឌីស្កូ បច្ចុប្បន្ននេះ កំពុងតែសម្ដែងរឿងភាគខ្មែរមួយឲ្យស្ថានីយ ទូរទស្សន៍ប៉ុស្ដិ៍លេខ ៥ ខណៈរឿងនោះជិតចប់ទៅហើយ គឺនៅសល់តែ៥ភាគរយ ប៉ុណ្ណោះ ហើយបន្ទាន់ពីរឿងនេះ លោកមិនទាន់មានការងារ ឬសម្ដែងកម្មវិធីអ្វីឲ្យផលិតកម្មណាមួយនោះទេ ពោលគឺទំនេរតែម្ដង។ សម្រាប់បញ្ហាសុខភាពរបស់លោក គឺនៅតែទៅមន្ទីពេទ្យ ជាប្រចាំរយៈពេលបីថ្ងៃម្ដង៕