
កីឡាប៉េតង់កម្ពុជា ២ក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ ត្រៀមដណ្ដើមមេដាយមាសរសៀលនេះ ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី
11-12-2017 12:21
(ភ្នំពេញ)៖ នៅមុននេះបន្ដិច លោក សូម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានឲ្យដឹងពីប្រទេសថៃថា ក្រុមកីឡាប៉េតង់ជម្រើសជាតិកម្ពុជា ២ក្រុមរួមមានក្រុមធំបុរស និងក្រុមយុវជន បានឈានដល់វគ្គផ្ដាច់ព្រ័ត្រដណ្តើមមេដាយមាស លើវិញ្ញាសាវាយក្រុម ៣នាក់ ទល់នឹង ៣នាក់ ក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០១៧ ដែលមានថៃធ្វើម្ចាស់ផ្ទះ។
លោក សុខគា បានបញ្ជាក់ថា ទាំងក្រុមធំបុរស និងក្រុមយុវជន នឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រ នាម៉ោង ១រសៀលនេះ ដោយត្រូវជួបក្រុមម្ចាស់ផ្ទះថៃទាំង ២ក្រុម ដើម្បីប្រជែងមេដាយមាស។ តែយ៉ាងណា ពេលនេះក្រុមទាំងពីរ សុទ្ធតែបានកក់មេដាយប្រាក់ក្នុងដៃរួចមកហើយ។
គួរបញ្ជាក់ថា ជាបណ្ដោះអាសន្នពេលនេះ ក្រុមកីឡាប៉េតង់កម្ពុជា គឺដណ្ដើមបានមេដាយក្នុងដៃជាស្ថាពរចំនួន ៣គ្រឿង រួមមានមេដាយមាស១ រកបានដោយយុវជន ឃួន លីហ៊ និងមេដាយសំរឹទ្ធ ២គ្រឿង ដែលដណ្ដើមបានដោយម្ចាស់មេដាយមាសពិភពលោក សុខ ចាន់មាន និងកីឡាការិនី អ៊ុក ស្រីមុំ៕