(ភ្នំពេញ)៖ សហរដ្ឋអាមេរិក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ បានចុះហត្ថលេខាលើគម្រោងមូល និធិរបស់អគ្គរដ្ឋទូតអាមេរិក សម្រាប់ថែរក្សាវប្បធម៌ ក្នុងការអភិរក្សវត្ថុតាងវាយនភណ្ឌ ដែលរួមមានខោអាវ ស្បែកជើង មួក ខ្សែក្រវ៉ាត់ជាដើម ដែលបន្សល់ទុកពីរបបប្រល័យ នៅសារមន្ទីរទួលស្លែង។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅសារមន្ទីរទួលស្លែង ដែលភាគីកម្ពុជា ចុះហត្ថលេខាដោយ ជុច ភឿន រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីសហរដ្ឋអាមេរិក តំណាងដោយ លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា។
គម្រោងអភិរក្សវត្ថុតាងវាយនភណ្ឌ នៅសារមន្ទីរទួលស្លែងនេះ មានទឹកប្រាក់៥៥,០០០ដុល្លារអាមេរិក ដែលផ្តោតទៅលើដំណាក់កាលដំបូង នៃការការពារការខូច នៃសំលៀកបំពាក់របស់ជនរងគ្រោះ ដែលជារបស់ងាយខូចជាងគេ ក្នុងចំណោមរបស់ដែលត្រូវបានប្រមូលទុក។ គំរោងនេះ និយាយពីតំរូវការអភិរក្សចាំបាច់បំផុត ដោយមានរបស់បូរាណពី ៣០០០ ទៅ ៥០០០ ដែលមិនត្រូវបានគេ ធ្វើការអភិរក្សពីមុនមក ឲ្យបានត្រឹមត្រូវដោយអ្នកជំនាញ ដែលមានវិជ្ជាជីវៈ។
គំរោងនេះ ក៏នឹងប្រើវិធីសាស្រ្តដែលត្រូវបានគិតគូរ និងត្រូវបានសាកពិសោធន៍ មកសំរាប់ការសំអាតពិសេស និងការអភិរក្សយូរអង្វែងនៃរបស់របស់សរីរាង្គមានតំលៃ។ របស់ទាំងនេះអាច ត្រូវបានសិក្សា មើលវិភាគបន្ថែមទៀត ហើយត្រូវយកទៅដាក់តាំង និងបញ្ចូលក្នុងការសិក្សា។ គំរោងអភិរក្សដ៏សំខាន់នេះ ជួយក្នុងការប្រកាន់ជំហរជាអចិន្រ្តៃយ៍ ប្រឆាំងនឹងអំពើប្រល័យ ពូជសាសន៍នៅកម្ពុជា និងនៅក្នុងសាកលលោក។
លោក William Heidt បានថ្លែងថា «គម្រោងនេះ គឺជាគម្រោងមួយដែលបានជួយនូវបេសកកម្ម របស់ស្ថានទូតក្នុងការអភិរក្ស ដល់សម្ភារដែលបន្សល់ទុករបស់ជនរងគ្រោះពីរបបខ្មែរក្រហម។...សម្ភារទាំងនេះនៅមានជាប់ឈាម និងមានស្នាមប្រឡាក់នៅលើនោះនៅឡើយ ដែលគឺជាភស្តុតាងមួយ ដែលមានន័យជាប្រវត្តិសាស្ត្រដែលយើងមិនអាចយកចេញបាន»។
លោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងផងដែរថា សកម្មភាពនៃការគាំទ្ររបស់អាមេរិក លើគម្រោងអភិរក្សវាយនភណ្ឌ នៅសារមន្ទីរទួលស្លែងនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ក្រសួង ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ត្បិតភ្តុសតាងទាំងអស់នេះ ជាតឹកតាងប្រវត្តិសាស្ត្រសម្រាប់ការងាសិក្សាស្វែងយល់ពីអំពើឧក្រិដ្ឋកម្ម ដែលខ្មែរក្រហមបានប្រព្រឹត្តចំពោះប្រជាជន ស្លូតត្រង់រាប់លាននាក់ នារវាងឆ្នាំ១៩៧៥-១៩៧៩។ ក្រោយបញ្ចប់កិច្ចការអភិរក្ស ភស្តុតាងវាយនភណ្ឌមួយចំនួន នឹងត្រូវជ្រើសយកមកដាក់តាំងបង្ហាញដល់សាធារណជនជាតិ និងអន្តរជាតិ។
លោករដ្ឋលេខាធិការបន្តថា «គម្រោងនៃការអភិរក្សនេះ មិនត្រឹមតែបានជួយសង្គ្រោះដល់វត្ថុតាងប្រវត្តិសាស្ត្រនេះទេ តែវាបានផ្តល់ប្រយោជន៍សំខាន់មួយទៀតដល់សារមន្ទីរទួលស្លែង គឺការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តនិរន្តភាព នៃការជួសជុលវិស័យនេះ នាថ្ងៃអនាគត»៕