(ភ្នំពេញ)៖ អង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ បានបើកសវនាការលើបណ្តឹងឧទ្ទរណ៍ ប្រឆាំងនឹងដីកាដំណោះស្រាយក្នុងសំណុំរឿង០០៤/០១ ទាក់ទងនឹងជនត្រូវចោទ អ៊ឹម ចែម។ សវនាការដែលបានបើកជាសាធារណៈរយៈពេល១៥នាទី និងក្រោយមកបានធ្វើជាសម្ងាត់ បន្ទាប់ពីធ្វើសេចក្តីថ្លែងការណ៍បើក។
លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យ នៃសាលាក្តីខ្មែរក្រហមបានថែ្លងថា កាលដែលអង្គបុរេជំនុំជម្រះបើកសវនការស្តាប់ អំណះអំណាងរបស់ភាគីក្នុងសំណុំរឿង ០០៤/០១ ត្រូវបានធ្វើឡើង បន្ទាប់ពីអង្គបុរេជំនុំជម្រះ បានទទួលបណ្តឹងឧទ្ទរណ៍ របស់សហព្រះរាជអាជ្ញាអន្តរជាតិប្រឆាំងនឹងដីកាដំណោះស្រាយដែលចេញ ដោយការិយាល័យ សហចៅក្រមស៊ើបអង្កេត នៅថ្ងៃទី២២ ខែកុម្ភៈ និងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ។
មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែថា សហចៅក្រមស៊ើបអង្កេតជាតិ និងអន្តរជាតិ បានចេញដីកាដំណោះស្រាយ រួមគ្នា នៅក្នុងកិច្ចដំណើរការនីតិវិធីប្រឆាំង អ៊ឹម ចែម នៅក្នុងសំណុំរឿង ០០៤/១ កាលពីថ្ងទី២២ ខែកុម្ភៈឆ្នាំ ២០១៧ ដោយបានលើកលែងការចោទប្រកាន់សំណុំរឿងនេះ ដោយសារថា តាមរយៈការវាយ តម្លៃរបស់សហចៅក្រមស៊ើបអង្កេត លើភស្តុតាង ដែលប្រមូលបាននៅក្នុងអំឡុងពេលស៊ើបសួរ អ៊ឹម ចែម មិនស្ថិតនៅក្រោមយយុត្តាធិការបុគ្គលរបស់ អ.វ.ត.ក ឡើយ។
លោក នេត្រ ភក្ត្រា បន្ថែមថា នេះមានន័យថា អ៊ឹម ចែម មិនមែនជាមេដឹកនាំជាន់ខ្ពស់ ឬក៏ជាជនម្នាក់ក្នុងចំណោមមន្ត្រី ដែលទទួលខុសត្រូវខ្ពស់បំផុតនៅក្នុងរបបខ្មែរក្រហមទេ។ បើតាមសហចៅក្រមស៊ើបអង្កេត ការលើកលែងការ ចោទប្រកាន់នេះ ក៏មានន័យថា ពាក្យសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់ត្រូវបានបដិសេធ។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សវនាការរបស់អង្គបុរេជំនុំជម្រះនេះមិនមែន ពិនិត្យលើអង្គសេចក្តីនៃសំណុំរឿង ០០៤/០១នេះទេ។ លោកបន្តថា នៅពេលបញ្ចប់សវនាការ អង្គបុរេជំនុំជម្រះនឹងលើកពេលសវនាការដើម្បី ពិភាក្សាចេញ សេចក្តីសម្រេចរបស់ខ្លួនថា តើនឹងច្រានចោលសំណុំរឿងនេះ ឬបញ្ជូនទៅជំនុំជម្រះ។ សេចក្តីសម្រេចលើបណ្តឹងឧទ្ធរណ៍ នេះរំពឹងថានឹងអាចចេញក្នុងរយៈពេលយ៉ាងយូរបំផុត៦ខែ ក្រោយពេលសវនាការនេះ៕
http://image.freshnewsasia.com/2017/113/fn-2017-12-11-11-43-28-0.JPG