(ភ្នំពេញ)៖ ពិតជារឿងមានមោទនភាព ចំពោះផលិតកម្មមហាហង្ស ដែលទទួលបានពានឆ្នើម ដឹកនាំសម្ដែងបានល្អជាងគេ ក្នុងចំណោមភាពយន្តខ្មែរ ដោយផលិតកម្មមហាហង្ស អាចដណ្ដើមបានពាន នៅក្នុងរឿង «Super Mom» ដែលជាខ្សែភាពយន្តខ្មែរ ជាការដឹកនាំសម្ដែងដោយលោក ជុំ វិចិត្រ ដែលលោក គឺជាអ្នកដឹកនាំសម្ដែងផ្ទាល់ ឲ្យផលិតកម្មមហាហង្ស។
លោក អ៊ិន សុភិន ជាចាងហ្វាងផលិតកម្មមហាហង្ស និងជាអ្នកនិពន្ធរឿង «Super Mom» បានប្រាប់ឲ្យដឹងថា រឿង «Super Mom» គឺជាខ្សែភាពយន្តស្នាដៃខ្មែរទី១ ដែលជាប់ជាខ្សែភាពយន្ត មានទម្រង់ដឹកនាំសម្ដែងបានល្អ។ លោកពិតមានសេចក្ដីរីករាយ និងរំភើបជាខ្លាំង ដោយផលិតកម្មមហាហង្ស មានឱកាស ទទួលបានពានដឹកនាំសម្ដែង បានល្អបែបនេះ។
លោក ជុំ វិចិត្រ ដែលជាម្ចាស់ក្នុងការ ដឹកនាំសម្ដែងរឿងផ្ទាល់ និង ធ្វើឲ្យផលិតកម្មមហាជនហង្សឈ្នះ ពានឆ្នើមក្នុងរឿង «Super Mom» បានបន្ថែមថា «ខ្ញុំធ្លាប់បានឆ្លងកាត់ការដឹកនាំរឿងតាំងពីឆ្នាំ ១៩៩៦មកម្ល៉េះ ដោយគិតមកទល់ពេលខ្ញុំ ដឹកនាំរឿងប្រមាណជា៤០ រឿងរួចមកហើយ។ ក្នុងចំណោមរឿង៤០ ដែលខ្ញុំធ្លាប់ដឹកនាំ រឿង «Super Mom» គឺជារឿងទី១ ក្នុងចំណោមស្នាដៃទាំង៤០ ដែលជារឿងមួយទទួលបានជោគជ័យ និងទទួលបានពានដឹកនាំសម្ដែងបានល្អ។
លោក ជុំ វិចិត្រ សង្គត់ធ្ងន់ថា «ចំពោះរឿង «Super Mom» អាចដំណើរការទៅបែបនេះបាន ក៏មិនមែនអាស្រ័យលើខ្ញុំបាទ តែម្នាក់នោះទេ វាអាចឃើញផ្លែផ្កា បាន ក៏ដោយសារសាច់រឿងនេះ មានចំណុចល្អៗជាច្រើន ដែលត្រូវបានចាងហ្វាង ផលិតកម្មមហាហង្ស ធ្វើការតាក់តែង និពន្ធជាសាច់រឿង ឲ្យមានខ្លឹមសារល្អ និង ធ្វើឲ្យអ្នកទស្សនាមានការពេញចិត្ត ទៅលើតួអង្គសម្ដែងនៅក្នុងសាច់រឿង។ ជាចុងក្រោយ ខ្ញុំនឹងខិតខំប្រឹងប្រែង ធ្វើឲ្យវិស័យភាពយន្តនៅកម្ពុជា មានភាពរីកចម្រើន ជាពិសេសខ្ញុំនឹងពង្រីកគុណភាព ដឹកនាំរឿងនៅក្នុងផលិតកម្មមហាហង្ស ឲ្យកាន់តែល្អ ដោយក្នុងកំឡុងពេល២ឆ្នាំក្រោយ នឹងមានស្នាដៃចូលរួម ប្រកួតប្រជែង នៅក្នុងមហោស្រពភាពយន្តជាថ្មី ម្ដងទៀត»។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍មហោស្រពថ្នាក់ជាតិ ធ្វើឡើងនៅសាលមហោស្រពចតុមុខ ក្រោមអធិបតីរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានធ្វើឡើង កាលពីយប់ថ្ងៃទី១០ធ្នូ គឺចំនឹងថ្ងៃទិវាសិទ្ធមនុស្សអន្តរជាតិ តែម្ដង៕