(អាហ្សង់ទីន)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា កិច្ចព្រមព្រៀងជំរុញ និងការពារវិនិយោគរបស់ប្រទេសសមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO ជាកត្តាញ៉ាំងឲ្យមានការវិនិយោគនៅកម្ពុជាកាន់តែច្រើន។
លោក ប៉ាន សូរស័ក្តិ បានថ្លែងដូច្នេះនៅក្នុងបទអន្តារគមន៍ ស្តីពីកិច្ចសម្រួលការវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងអំទ្បុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី WTO លើកទី១១ ដោយមានការចូលរួមពីរដ្ឋមន្រ្តី និងប្រធានប្រតិភូតំណាងប្រទេសសមាជិកជាង៦០ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅប្រទេសអាហ្សង់ទីន។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានបង្ហាញពីសក្តានុពលសេដ្ឋកិច្ច វិនិយោគរបស់កម្ពុជា និងប្រទេសដែលវិនិយោគនៅកម្ពុជា ដូចជា ចិន ជប៉ុន កូរ៉េ សហរដ្ឋអាមេរិក និងចក្រភាពអង់គ្លេស។ លោកបន្តថា កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំរុញ និងការពារវិនិយោគរបស់ប្រទេសសមាជិកអង្គការ WTO ជាច្រើន ដែលជាកត្តាញាំងឲ្យមានការវិនិយោគនៅកម្ពុជាកាន់តែច្រើន។
លោករដ្ឋមន្រ្តី ក៏បានបង្ហាញពីការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីក្រុមហ៊ុនពាណិជ្ជកម្ម ការចេញវិញ្ញាបនប័ត្រប្រពភពដើមទំនិញ និងការស្រាវជ្រាវម៉ាក។
លោករដ្ឋមន្ត្រី ក៏បានបង្ហាញអំពីវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន ដែលរាជរដ្ឋាភិបាលកម្ពុជាបានពង្រឹង និងបើកឱកាសឲ្យវិស័យឯកជនចូលរួមមតិសម្រាប់ជំរុញ និងបង្កើនបរិយាកាសវិនិយោគ និងធុរកិច្ចកាន់តែប្រសើរទ្បើង ជូនទៅដល់អ្នកចូលរួមប្រជុំផងដែរ។
បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនេះ ក៏បានអនុម័តសេចក្តីប្រកាសរួមរដ្ឋមន្រ្តី ស្តីអំពីការសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍផងដែរ ដែលសេចក្តីប្រកាសរួមនេះបានសង្កត់ធ្ងន់ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍន៍តិចតួច សម្រាប់ធ្វើឲ្យមានការសម្រួលវិនិយោគ និងទាក់ទាញវិនិយោគបន្ថែមដើម្បីជំរុញការអភិវឌ្ឍផងដែរ៕