(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី បានថ្លែងថា អាមេរិកគួរតែជួយកម្ពុជា ក្នុងការរុករកគ្រាប់បែកគីមី និងបោសសំអាតគ្រាប់ទាំងអស់នេះ ព្រោះថាអាវុធគីមីទាំងអស់នេះគឺសុទ្ធតែជារបស់អាមេរិក។
សម្តេច ទៀ បាញ់ បានថ្លែងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាពជាតិគីមី ជីវសាស្រ្ត វិទ្យុសកម្ម នុយក្លេអ៊ែរ ដែលធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ។
នៅចំពោះមុខអ្នកចូលរួមរួមមានឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប មន្ត្រីប្រយុទ្ធប្រឆាំងអាវុធគីមីរបស់អង្គការសហប្រជាជាតិ និងអ្នកពាក់ព័ន្ធជាច្រើនរូបនោះ សម្តេច ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះ «រឿងនេះវាត្រូវមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសសហរដ្ឋអាមេរិក គួរណាស់ គួរតែយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាថែមទៀត ព្រោះអីសារធាតុដែលយើងរកឃើញនេះ គឺមានអត្តសញ្ញាណជាក់លាក់រួចជាស្រេចហើយ គឺផលិត និងប្រើប្រាស់ នាំមកទម្លាក់នៅទីនោះពីសំណាក់កងទ័ពសហរដ្ឋអាមេរិកនៅក្នុងសម័យសង្គ្រាម»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានឲ្យដឹងថា បច្ចុប្បន្ននេះអាជ្ញាធរជាតិអាវុធគីមី បានរកឃើញវត្តមានអាវុធគីមីរបស់អាមេរិកនៅក្នុងខេត្តមណ្ឌលគិរី ត្បូងឃ្មុំ និងខេត្តស្វាយរៀងផងដែរ៕