(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសតែងតាំងលោក សាន ស៊ានហូ ជាអភិបាលក្រុងប៉ោយប៉ែត ជំនួសលោក ង៉ោ ម៉េងជ្រួន ទៅកាន់តំណែងជាអភិបាលរងខេត្តវិញ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ថ្នាក់ដឹកនាំខេត្ត ក្រុង មន្ទីរអង្គភាពជុំវិញខេត្ត ក្រុង មន្រ្តីពាក់ព័ន្ធ និងមានការចូលរួមពីសំណាក់អាជ្ញាធរស្រុកអារញ្ញាប្រថេប ខេត្តស្រះកែវ ប្រទេសថៃផងដែរ។
ក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែងនេះដែរ លោក សួន បវរ បានលើកឡើងថា ការប្រកាសឡើងកាន់តំណែង គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ។ អ្នកចាស់ផ្លាស់ទៅដោយភាពរីករាយ ដោយឡែកអ្នកថ្មីឡើងកាន់តំណែងថ្មី ត្រូវបន្តដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ធ្វើការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។
លោកបានជំរុញឲ្យអភិបាលក្រុង ដែលចូលកាន់មុខតំណែងថ្មីនេះ ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាពក្នុង ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព និងខិតខំបន្តអភិវឌ្ឍក្រុងឲ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរក្រុងស្រុកទាំងអស់ក្នុងខេត្ត ត្រូវលុបបំបាត់រាល់សកម្មភាពសំណង់អាណាធិបតេយ្យខុសច្បាប់ ដែលកន្លងមកតែងតែបណ្តែតបណ្តោយ ឲ្យប្រជាពលរដ្ឋមួយចំនួន លួចសាងសង់សំណង់ ដោយមិនមានការសុំច្បាប់ ជាពិសេសសូមឲ្យអង្គភាពទាំងអស់ ខិតខំជំរុញការងារបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាព ដល់មន្ត្រីរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ជាពិសេស បើកវគ្គបណ្តុះបណ្តាលឲ្យចំទៅតាមជំនាញ ដែលជាតម្រូវការចាំបាច់ និងសិក្សាឲ្យបានលម្អិតទៅតាមផ្នែកនីមួយៗ ដើម្បីផ្តល់នូវជំនាញច្បាស់លាស់ ឆ្លើយតបនឹងការងារជាក់ស្តែង។
ទន្ទឹមនោះដែរ សម្រាប់ក្រុងប៉ោយប៉ែត អាជ្ញាធរខេត្តកំពុងតែគិតគូរ ពីសោភ័ណ្ឌក្រុង នឹងធ្វើការកែលម្អផ្ទះនៅជាប់ផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែត ត្រូវលាបពណ៌ឲ្យមានលក្ខណៈដូចគ្នា ពង្រីកសួនច្បារ និងកន្លែងផ្សេងៗទៀត ដើម្បីឲ្យមានទីធ្លាធំទូលាយ ដើម្បីឲ្យមានផាសុខភាព ជាពិសេសមានភាពងាយស្រួលដល់បងប្អូន។
លោក សាន ស៊ានហូ ប្រកាសឡើងកាន់តំណែង បានប្តេជ្ញាចិត្តថា ស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល គោរព និងខិតខំអនុវត្តកម្មវិធីនយោបាយ ច្បាប់លិខិតបទដ្ឋានគតិយុត្តិ និងទិសដៅ មតិណែនាំរបស់ក្រសួង ក៏ដូចជា ទិសដៅរបស់ក្រសួងនានា ដែលពាក់ព័ន្ធ បន្តនិរន្តភាពការងារក្នុងរដ្ឋបាលក្រុង លើសេវាសាធារណៈ ដោយពង្រឹងគុណភាព បច្ចេកទេសគោរពពេលវេលា។
ជាមួយគ្នានោះ លោកនឹងរក្សាសាមគ្គីផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធទាំងងស់ ដើម្បីជាកម្លាំងសម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ។ លោកក៏បានប្តេជ្ញាចិត្ត នៅការងារសេសសល់ ពីលោកអភិបាលក្រុងចាស់ គឺបញ្ហាសំរាម បញ្ហាចរាចរណ៍ សណ្តាប់ធ្នាប់ សំណង់ផ្សេងៗ ដែលរំលោភយកដីផ្លូវសាធារណៈជុំវិញក្រុងប៉ោយប៉ែត និងបន្តការសាងសង់ផ្លូវបេតុង ផ្លូវលំ ផ្លូវគ្រួសក្រហម។ល។៕