(ស្វាយរៀង)៖ គ្រោះថ្នាក់ចរាចរណ៍មួយ គួរឲ្យរន្ធត់យ៉ាងខ្លាំងដោយសារបុរសម្នាក់ ត្រូវរថយន្តធ្វើដំណើរបញ្ច្រាស់ទិសគ្នា បុកបណ្តាលឲ្យដាច់ជើងខាងស្តាំចេញពីខ្លួន និងបាក់ដៃម្ខាងហើយរថយន្តបន្តរត់គេចខ្លួនបាត់ស្រមោល។
ករណីដ៏គួរឲ្យរន្ធត់នេះបានកើតឡើងនៅល្ងាចថ្ងៃអាទិត្យទី១០ ខែធ្នូ ឆ្នាំ២០១៧នេះ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤ ស្ថិតក្នុងភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុង បាវិត ខេត្តស្វាយរៀង។
មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាក HONDA-C125 ស៊េរី2015 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1G-0472 ធ្វើដំណើរពីលិចទៅកើត ពាក់មួកសុវត្ថិភាព លុះមកកន្លែងកើតហេតុខាងលើ ក៏រថយន្តមួយគ្រឿងមិនស្គាល់បុកចំជើងស្តាំដាច់ចេញពីខ្លួន និងបាក់ដៃម្ខាងតែម្តង មើលគួរឲ្យន្ធត់ពេកក្រៃ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងមានឈ្មោះ រ័ត្ន ភក្តី អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្ររស់នៅភូមិពោធិវង្ស ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ក្រោយពេលកើតហេតុ រថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ សំដៅទៅទិសខាងលិច។ បច្ចុប្បន្នជនរងគ្រោះក្រុមគ្រួសារបានបញ្ជួនទៅព្យាបាលនៅពេទ្យប្រទេសវៀតណាម។
មូលហេតុបណ្ដាលមកពីអ្នកបើកបររថយន្តមិនប្រកាន់ស្តាំ រីឯវត្ថុតាង សមត្តកិច្ចយើងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងបាវិត ចំណែករថយន្តបង្កសមត្ថកិច្ច យើងកំពុងស្រាវជ្រាវរកដើម្បីបំពេញសំណុំរឿងទៅតាមនីតិវិធីច្បាប់៕