(ភ្នំពេញ)៖ បុរសជនជាតិអាមេរិកកាំងម្នាក់ បាននាំស្រីខារ៉ាអូខេ ដើរលេងរួចផឹកស្រាស្រវឹងស្រឿងៗ នាំនាងទៅដេកផ្ទះសំណាក់ តែនាងមិនព្រម ក៏ឈ្លោះប្រកែកគ្នា ផ្អើលអស់សមត្ថកិច្ចទាំងយប់ កាលពីវេលាម៉ោង២៖៣០នាទី ចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវលេខកា៥ ចំណុចមុខផ្ទះគ្មានលេខ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
ស្ត្រីរងគ្រោះមានឈ្មោះ អូន សុជា អាយុ២៤ឆ្នាំ មានមុខរបរជាស្រីបំរើខារ៉ាអូខេ និងស្នាក់នៅបន្ទប់ជួលកើតហេតុ មានស្រុកកំណើតនៅភូមិកោះកណ្ដាល ឃុំទាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ចំណែកឯជនបង្កនោះមានឈ្មោះ AlT BaHyOussEF អាយុ៣៨ឆ្នាំ ស្នាក់នៅកើតហេតុខាងលើ។
ស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនកើតហេតុនៅវេលាម៉ោងប្រហែល១២យប់ បុរសជនជាតិអាមេរិកកាំងខាងលើ បាននាំនាង និងមិត្តភ័ក្កស្រីរបស់នាង២នាក់ទៀត ទៅដើរលេងជាមួយគ្នា នៅម្តុំមាត់ទន្លេ ហើយបាននាំគ្នាផឹកស្របៀរអស់ចំនួន៤ម៉ឺនរៀល រាងស្រវឹងស្រឿងៗ បន្ទាប់មកមិត្តភ័ក្កស្រីទាំង២នាក់ បានសុំត្រឡប់ទៅផ្ទះមុនបាត់អស់នៅតែរូបគេតែ២នាក់។
ស្ត្រីរងគ្រោះបានបន្តឲ្យដឹងថា ក្រោយពីមិត្តភក្តិចេញទៅផ្ទះបាត់អស់ ស្រាប់តែបុរសនោះបានលួងលោមនាងទៅដេកនៅផ្ទះសំណាក់ តែនាងមិនព្រមទៅ ហើយរូបនាងក៏បានហៅម៉ូតូឌុបជិះត្រឡប់មកស្នាក់នៅវិញ។ បុរនោះក៏បានជិះម៉ូតូឌុបមួយគ្រឿងផ្សេងទៀត មកតាមក្រោយខណៈពេលមកដល់ចំណុចកើតហេតុខាងលើ បុរសនោះបានតាមរករឿងនាង មិនឲ្យចូលដេកក្នុងបន្ទប់ជួលព្រមទាំងចោទថា នាងបានលួចលុយរូបគេអស់៥០ដុល្លារ ហើយបានដេញវាយនាងបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងយប់។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំស្រ្តីរងគ្រោះ និងបុរសបង្កទៅប៉ុស្តិ៍នគរបាលសង្កែ១ ដើម្បីសាកសួរ។ បន្ទាប់មកស្រ្តីរងគ្រោះបានដាក់ពាក្យបណ្តឹងទាមទារសំណងជំងឺចិត្តចំនួន១០០ដុល្លារ៕