(អាហ្សង់ទីន)៖ ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីទាញយកផលប្រយោជន៍ពីអង្គការពាណិជ្ជកម្មពិភពលោក WTO ដែលកំពុងធ្វើឡើងនៅប្រទេសអាហ្សង់ទីននោះ រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់កម្ពុជា លោក ប៉ាន សូរស័ក្តិ បានចែករំលែកបទពិសោធន៍ជាច្រើន ដល់ប្រទេសអភិវឌ្ឍន៍នូវកម្មវិធីមួយចំនួន ដែលកម្ពុជាធ្លាប់បានអនុវត្តន៍ដោយជោគជ័យ។
កាលពីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ លោក ប៉ាន សូរស័ក្តិ បានចូលរួមថ្លែងសុន្ទរកថា ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងកម្មវិធីការពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) ក្នុងកិច្ចប្រជុំ High-Level Dialogue ស្តីពីការបង្កើនការវិនិយោគក្នុងប្រទេសអភិវឌ្ឃន៍តិចតួច។ ក្នុងពិធីនោះ ក៏មានការចូលរួមពីលោកស្រី Bernadette Essossimna Legzim-Balouki រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជំរុញវិស័យឯកជននៃសាធារណៈរដ្ឋតូហ្គូ, លោក The Rt. Hon. Greg Hands MP រដ្ឋមន្រ្តីគោលនយោបាយពាណិជ្ជកម្មអង់គ្លេស, លោកស្រី Susana Malcorra ប្រធានអង្គប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី11, លោក Roberto Azevêdo អគ្គនាយកអង្គការ WTO និងបណ្តារដ្ឋមន្រ្តីនៃសមាជិកអង្គការ WTO។
នៅក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានផ្តល់បទអន្តរាគមន៍ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងកម្មវិធីការពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) ដោយបានគូសបញ្ជាក់ពីចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
* កម្មវិធីជំនួយបច្ចេកទេសត្រូវតម្រូវឲ្យត្រូវនឹងលក្ខខណ្ឌ និងស្ថានភាពរបស់ប្រទេសទទួលជំនួយ ហើយត្រូវផ្តោតលើប្រជាជនដែលងាយនឹងរងគ្រោះ
* ត្រូវផ្តោតលើការធ្វើពិពិធកម្មផលិតកម្ម ការបង្កើនតម្លៃបន្ថែម និងការនាំចេញទៅទីផ្សារថ្មីៗ
* ត្រូវធ្វើឲ្យប្រាកដថា ទីផ្សារថ្មីត្រូវផ្តល់ឱកាសយូរអង្វែង ក្នុងការបង្កើនតម្លៃបន្ថែមដែលអាចនាំឲ្យមានទំនាក់ទំនងកាន់តែស៊ីសង្វាក់គ្នារវាងអ្នកផ្គត់ផ្គង់ អ្នកផលិត និងអ្នកនាំចេញ
* ពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើរតួនាទីយ៉ាងសំខាន់សម្រាប់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច។
* ដៃគូកម្មវិធី EIF សម្រាប់ការអភិវឌ្ឍប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ត្រូវធានា៖
* សិក្សា វិភាគដោយផ្អែកលើទិន្នន័យ និងសូចនាករត្រឹមត្រូវ ដែលជួយដល់ការកំណត់ បញ្ហាប្រឈម និងកាលានុវត្តភាព
* ផ្តល់លទ្ធភាពដល់ភាគីពាក់ព័ន្ធសំខាន់ៗក្នុងសកម្មភាពសេដ្ឋកិច្ច បានចូលរួមយ៉ាងសកម្មក្នុងពាណិជ្ជកម្មតំបន់ និងអន្តរជាតិ និងដាក់ចេញនូវគោលនយោបាយដែលមានភាពអំណោយផល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
* បង្កើនការវិនិយោគដែលចាំបាច់ក្នុងការជួយឲ្យកសិករ សិប្បករ និងយុវជន អាចកសាងសមត្ថភាពផលិត និងជំនាញរបស់ខ្លួន និងសមត្ថភាពធ្វើពាណិជ្ជកម្ម តាមរយៈការបង្កើនការនាំចេញ ការស្វែងរកទីផ្សារថ្មី និងទទួលបានឱកាសការងារថ្មីៗជាច្រើន។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានជួបប្រជុំទ្វេភាគីជាមួយលោក Ratnakar Adhikari ប្រធានប្រតិបត្តិនៃកម្មវិធីការពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) របស់អង្គការ WTO ក្នុងគោលបំណងបន្តផ្តល់ជំនួយគាំទ្រពាណិជ្ជកម្មដល់កម្ពុជា។ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ EIF ក្នុងការផ្តល់ជំនួយកម្ពុជាកន្លងមក និងស្នើសុំបន្តទៀតពី EIF ក្នុងការជួយដល់កម្ពុជា ដូចជាគម្រោងលើអង្ករ ដំឡូងមី សូត្រ និងវិស័យអាទិភាពមួយចំនួនទៀត។
បន្ទាប់មកលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជួបសន្ទនាក្រៅផ្លូវការជាមួយលោក Greg Hands រដ្ឋមន្ត្រីគោលនយោបាយពាណិជ្ជកម្មអង់គ្លេស និងលោកស្រី Susana Malcorra ប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអង្គការពាណិជ្ជកម្មពិភពលោកលើកទី១១ ដើម្បីបង្ហាញពីសក្តានុពលនៃការផ្តល់ជំនួយ និងការចែករំលែកបទពិសោធន៍ការអនុវត្តគម្រោងរបស់កម្ពុជា ទៅបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចដទៃទៀត៕