(ភ្នំពេញ)៖ អ្នកជំនាញវិស័យស្រូវ អង្ករកម្ពុជា លោក សុង សារ៉ន និងជាអគ្គនាយកក្រុមហ៊ុន Amru Rice បានដឹងថា នៅឆ្នាំ២០២០ ខាងមុខ កម្ពុជានឹងអាចសម្រេចបានការនាំចេញអង្ករចំនួន១លានតោន ខណៈពេលបច្ចុប្បន្ននេះ វិស័យស្រូវអង្កររបស់កម្ពុជា កំពុងតែដំណើរការទៅមុខយ៉ាងប្រសើរ។
លោក សុង សារ៉ន បានថ្លែងឲ្យដឹងថា «ដើម្បីបន្ដឆ្ពោះទៅរកភាពចម្រុងចម្រើនទាំងអស់គ្នា ខ្ញុំគិតថាការសម្រេចបានដំណើរឆ្ពោះទៅកាន់ ការនាំចេញអង្ករ១លានតោន នៅរយៈពេល ២-៣ ឆ្នាំខាងមុខទៀត ក្នុងករណីបន្ដឲ្យមានផលចំណេញទាំងអស់គ្នា
ខ្ញុំគិតថា៣ឆ្នាំទៅមុខទៀត អាចនឹងសម្រេចគោលដៅនេះបាន»។
លោកបានបន្ដទៀតថា ប្រសិនបើយើងចង់បាន១លានតោននាពេលបច្ចុប្បន្ននេះ យើងអាចសម្រេចបាន ប៉ុន្ដែខាតបង់ច្រើនបើធ្វើដោយសន្សឹមៗ នឹងទទួលបាន១លានតោន ដោយពុំមានការខាតបង់នោះឡើយ។ ២០២០ខាងមុខនេះច្បាស់ជាអាច
សម្រេចបានគោលដៅនេះជាក់ជាពុំខាន។
ជាមួយគ្នានេះ លោកបានបង្ហាញនូវក្តីរំពឹងថា នៅឆ្នាំ២០១៧នេះ កម្ពុជានាំចេញអង្ករបាន៦០ម៉ឺនតោន ក្នុងអត្រាកំណើន៥ ឬ៦ម៉ឺនតោន។ លោកបានសម្លឹងឃើញទីផ្សារប្រទេសចិនជា ទីផ្សារល្អសម្រាប់អង្កររបស់កម្ពុជា។
សូមជម្រាបថា ១១ខែឆ្នាំ២០១៧ ចាប់ពីខែមករា ដល់វិច្ឆិកា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករបានចំនួន៥៦២,២៣៧តោន កើនឡើង១៧.២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ ដែលមានចំនួន៤៧៩,៦៨៩តោន៕
សូមទស្សនាកិច្ចសម្ភាសន៍របស់បណ្តាញសារព័ត៌មាន Fresh News ជាមួយលោក សុង សារ៉ន ដូចខាងក្រោម៖