(ភ្នំពេញ)៖ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧នេះ គឺជាខួបលើកទី៦៩ នៃទិវាសិទ្ធិមនុស្សអន្ដរជាតិដែលមនុស្សម្នា ក្នុងប្រទេសប្រជាធិបតេយ្យលើភពផែនដីបានសាទរយ៉ាង គគ្រឹកគគ្រេង។ ទន្ទឹមនិងនេះដែរ ក៏នៅតាមបណ្ដាលប្រទេសប្រជាធិបតេយ្យទំាងនេះ មាន៖គណបក្សនយោបាយ អង្គការ សមាគម NGOs ទំាងក្នុងស្រុក និងក្រៅស្រុក បានយកព្រឹត្ដិការណ៍នេះ ស្រែកវាយប្រហារទៅលើរដ្ឋាភិបាលក្នុងប្រទេសនីមួយៗផងដែរ។

តើសង្គមប្រជាធិបតេយ្យតម្លៃសិទ្ធិមនុស្សស្ថិតនៅត្រង់ណា?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយអំពីសង្គមប្រជាធិបតេយ្យបច្ចុប្បន្ននេះ មនុស្សម្នាក់ៗត្រូវតែប្រដាប់ដោយសិទ្ធិសេរីភាពដែលរួមមាន៖ សិទ្ធិមានជីវិតរស់នៅ សិទ្ធិបង្កើតគណបក្សនយោបាយ អង្គការ សមាគម ជំនឿសាសនា និងសិទ្ធិក្នុងការបញ្ចេញមតិជាដើម។ល។ ដើម្បីរួមចំណែកធ្វើឲ្យសង្គមជាតិមានភាពល្អប្រសើរ តែមិនត្រូវប្រើសិទ្ធិនេះ ដើម្បីព្យាយាមបំផ្លិចបំផ្លាញ កិត្ដិយស និងសេចក្ដីថ្លៃថ្លូររបស់អ្នកដទៃបានទ្បើយ។

បានន័យថា សង្គមប្រជាធិបតេយ្យតម្លៃសិទ្ធិមនុស្ស គឺស្ថិតនៅលើករណីកិច្ចជាចម្បងផងដែរ ព្រោះសិទ្ធិ និងករណីយកិច្ច មានទំនាក់ទំនងនិងគ្នាមិនអាចកាត់ផ្ដាច់ បានទ្បើយ។ ក្នុងន័យនេះចំពោះការបរិហារបំផ្លើសដោយគ្មានហេតុផល និងគ្មានមូលដ្ឋានច្បាស់លាស់ ឬពាក្យសំដីជេរប្រមាថ ញុះញាង់បំបែកបំបាក់ឥតសីលធម៌ គឺមិនស្ថិតក្នុងសិទ្ធិនោះទ្បើយ។ដោយហេតុថា សេរីភាពរបស់មនុស្ស មិនមានន័យថាគ្មានកំណត់ព្រំដែននោះទេ គឺដាច់ខាតត្រូវតែចងភ្ជាប់ដោយការ ទទួលការខុសត្រូវរបស់ខ្លួនផងដែរ។ ត្រង់ចំណុចនេះហើយ ដែលហៅថា «សិទ្ធិក្នុងសេរីភាពត្រូវតែកំរិតដោយករណីយកិច្ចមិនរំលោភ ឬយ៉ាងហោចណាស់មិនធ្វើជា ឧបសគ្គចំពោះសេរីភាពរបស់អ្នកដទៃ» នោះ។

លោក រត្ន័ សណ្ដាប់ បន្ដថា បើដូចនេះចំពោះកិរិយាមារមាទមិនត្រឹមត្រូវ ឬមិនមានការគ្រប់គ្រងខ្លួនឯង គឺមិនមែនជាលទ្ធផលចេញពីសេរីភាពនោះទេ ផ្ទុយទៅវិញទំាងនេះគឺ «ចេញមកពីភាពជាទាសករនៃវិញ្ញាណ» តែប៉ុណ្ណោះ។ ដោយហេតុថាសេរីភាពពិតប្រាកដជាសេរីភាពដែលធ្វើសកម្មភាពទំាងទ្បាយណា ដែលត្រឹមត្រូវតែប៉ុណ្ណោះ ព្រោះគ្មាននរណាម្នាក់មានអត្ថិភាពសិទ្ធិ ក្នុងសេរីភាពធ្វើសកម្មភាពអាក្រក់ ឬមិនត្រឹមត្រូវនោះទេ។

ត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ បានថ្លែងបញ្ជាក់ថា ដោយឈរលើមូលដ្ឋាននេះបើយើងពិនិត្យសិទ្ធិក្នុងសេរីភាព ក្នុងសង្គមកម្ពុជាយើងដែលប្រកាន់របប ប្រជាធិបតេយ្យសេរីពហុបក្សសព្វថ្ងៃ ចំពោះការប្រើប្រាស់សិទ្ធិ នឹងករណីយកិច្ចនេះ ហាក់កំពុងជួបប្រទះនូវភាពច្របូកច្របល់យ៉ាងខ្លំាងក្លាផងដែរ។ ក្នុងនោះជាអាទិ៍៖ ក្នុងចំណោមជន ឬក្រុមជនដែលតំាងខ្លួនឯងថាជាអ្នក ឬក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នក ឬក្រុមអ្នកប្រជាធិបតេយ្យខ្លះក៏កំពុងប្រើសិទ្ធិក្នុងសេរីភាព បញ្ចេញមតិយោបល់នេះ ដោយរំលោភបំពានទៅលើក្រមសីលធម៌និងករណីយកិច្ចដល់សិទ្ធិអ្នកដទៃ ផងដែរ។

ក្នុងករណីនេះបានសេចក្ដីថា តម្លៃសិទ្ធិមនុស្ស ដែលអាចការពារបានលុះត្រាតែករណីយកិច្ចរបស់បុគ្គលត្រូវបានគំាពារ ដើម្បីរក្សាសណ្ដាប់ធ្នាប់សង្គមជាមុនសិន ។ បើហេតុនេះ ចំពោះសង្គមប្រជាធិបតេយ្យ ប្រសិនជាសណ្ដាប់ធ្នាប់សង្គមត្រូវបានបាក់បែកខ្ចាត់ខ្ចាយ បង្កទៅជាស្ថានភាពច្របូកច្របល់ យ៉ាងអនាធិបតេយ្យក្នុងប្រជាធិបតេយ្យហើយនោះ គឺសិទ្ធិរបស់មនុស្សម្នាក់ៗ នឹងជួបប្រទះនឹងគ្រោះថ្នាក់ការលូតលាស់ខាងសីលធម៌របស់មនុស្សជាពុំខាន ។ ជាក់ស្ដែង សហរដ្ឋអាមេរិកពលរដ្ឋមានសិទ្ធិ ក្នុងការប្រើប្រាស់កំាភ្លើង ប៉ុន្ដែសង្គមក៏កំពុងក្លាយជាទីកន្លែងអសុវត្ថិភាពសម្រាប់ការរស់នៅផងដែរ៕