(ភ្នំពេញ)៖ កីឡាករប៉េតង់ជម្រើសជាតិក្រោមអាយុ ១៧ឆ្នាំកម្ពុជា ឃួន លីហ៊ ដណ្ដើមបានមេដាយមាស ១គ្រឿងហើយ នៅក្នុងការប្រកួតកីឡាប៉េតង់ជ្រើសជើងឯកអាស៊ី ឆ្នាំ២០១៧ នៅប្រទេសថៃ ។ នេះបើតាមការឲ្យដឹងពីលោក សូម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា ។
លោក សូម៉ៃ សុខគា បានឲ្យដឹងមុននេះបន្ដិចថា កីឡាករ ឃួន លីហ៊ បានទទួលជ័យជម្នះជាបន្ដបន្ទាប់ រហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគេបានទម្លាក់កីឡាករម្ចាស់ផ្ទះថៃ បន្ទាប់មកទើបយុវជនឆ្នើមកម្ពុជាដដែល បានយកឈ្នះលើកីឡាករម៉ាឡេស៊ីក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីឈ្នះមេដាយមាសលើវិញ្ញាសាវាយយកពិន្ទុយុវជនតែម្ដង ។ ប៉ុន្ដែលោកមិនបានបញ្ជាក់ពីពិន្ទុក្នុងការទទួលបានជ័យជម្នះនោះទេ ។
សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី១០ ខែធ្នូនេះ លទ្ធផលបណ្ដោះអាសន្ន គឺក្រុមកីឡាប៉េតង់កម្ពុជាដណ្ដើមបានមេដាយ ៣គ្រឿងហើយ នៅក្នុងការប្រកួតកីឡាប៉េតង់ជ្រើសជើងឯកអាស៊ីខាងលើ រួមមានមេដាយសំរឹទ្ធ ២ ដណ្ដើមបានដោយកីឡាករ សុខ ចាន់មាន និងកីឡាការិនី អ៊ុក ស្រីមុំ ខណៈមេដាយទើបដណ្ដើមបានមុននេះ គឺមេដាយមាស ដែលរកបានដោយកីឡាករវ័យ ១៧ឆ្នាំ ឃួន លីហ៊ ៕