(ភ្នំពេញ)៖ រយៈពេល១១ខែ ឆ្នាំ២០១៧ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្ដរជាតិជិត៦០ម៉ឺនតោន កើនឡើង១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។
របាយការណ៍ផ្លូវការ ពីលេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់ការបំពេញបែបបទនៃការនាំចេញអង្ករ ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជាក់ឲ្យដឹងថា ចាប់ពីខែមករា ដល់វិច្ឆិកា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករបានចំនួន៥៦២,២៣៧តោន កើនឡើង១៧.២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ ដែលមានចំនួន៤៧៩,៦៨៩តោន។
យោងតាមរបាយការណ៍ ប្រទេសចំនួនជិត៦០ ត្រូវបានកម្ពុជានាំចេញអង្ករទៅលក់នៅទីនោះ ហើយប្រទេសដែលទិញអង្ករច្រើនជាងគេនៅកម្ពុជា គឺប្រទេសចិន ដែលមានចំនួនជាង១៦ម៉ឺនតោន បន្ទាប់មកគឺបារាំង ដែលមានចំនួនជាង៧ម៉ឺនតោន និងជាប់ចំណាត់ថ្នាក់លេខ៣ គឺប្រទេសប៉ូឡូញ ដែលមានចំនួនជាង៤ម៉ឺនតោន។
នៅឆ្នាំ២០១៦កន្លងទៅ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជាង៥៤ម៉ឺនតោន ខណៈរាជរដ្ឋាភិបាល មានផែនការជំរុញការនាំចេញអង្ករ ឲ្យបាន១លានតោនក្នុង១ឆ្នាំៗ៕