(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរគីមី នៃក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧នេះថា ក្រុមបច្ចេកទេសរបស់ អង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិ (Organization for the Prohibition of Chemical Weapons - OPCW) នឹងមកដល់កម្ពុជា នៅយប់នេះ ដើម្បីចូលរួមពិនិត្យវាយតម្លៃ ក្នុងប្រតិបត្តិការដោះគ្រាប់បែកគីមី ដែលទម្លាក់ដោយសហរដ្ឋអាមេរិក នៅលើទឹកខេត្តស្វាយរៀង ដែលនឹងចាប់ផ្តើមនៅចុងសប្តាហ៍ទី២ ខែធ្នូនេះ។
បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក កេ ដា មន្ត្រីអង្គការ OPCW នឹងកម្ពុជាចំនួន៥នាក់ ក្នុងនោះមាន៤នាក់ ក្រុមបច្ចេកទេសដែលនឹងត្រូវចុះពិនិត្យវាយតម្លៃគ្រាប់បែកគីមី និងម្នាក់ទៀត ជាតំណាងរបស់ OPCW ដើម្បីចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ផែនការសកម្មភាពជាតិគីមី ជីវសាស្ត្រ វិទ្យុសកម្ម នុយក្លអ៊ែរ ដែលនឹងប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែធ្នូស្អែកនេះ ក្រោមអធិបតីភាពរបស់សម្តេចវិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ។
អគ្គលេខាធិការរងរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមអ្នកជំនាញរបស់ OPCW នឹងមកដល់យប់នេះ។ ពួកគាត់នឹងចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ផែនការសកម្មភាពជាតិគីមី ជីវសាស្ត្រ វិទ្យុសកម្ម នុយក្លអ៊ែរដែលនឹងប្រព្រឹត្តទៅ នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែធ្នូនេះផងដែរ»។
សូមជម្រាបថា ការសម្រេចបញ្ជូនក្រុមបច្ចេកទេសរបស់អង្គការ OPCW មកកម្ពុជានេះ ធ្វើឡើងក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា ដាក់លិខិតផ្លូវការ ស្នើឲ្យអង្គការមួយនេះ ដើម្បីបញ្ជូនក្រុមបច្ចេកទេសខាងអាវុធគីមី មកពិនិត្យវាយតម្លៃ និងចូលរួមបោសសម្អាតគ្រាប់បែកគីមី ដែលរកឃើញនៅលើទឹកដីខេត្តស្វាយរៀង នៃប្រទេសកម្ពុជា ស្របតាមអនុសញ្ញាស្តីពីអាវុធគីមី របស់អង្គការសហប្រជាជាតិ។
គ្រាប់បែកគីមីដែលទម្លាក់ ដោយសហរដ្ឋអាមេរិក ត្រូវបានអាជ្ញាធរអាវុធគីមី និងស៊ីម៉ាក់ រកឃើញកើនឡើងរហូតដល់២២ទីតាំងថ្មីទៀត នៅក្នុងឃុំគគីរ និងឃុំក្បែរៗនោះ នៃស្រុករមាសហែក ខេត្តស្វាយរៀង។ គ្រាប់បែក១គ្រាប់ ត្រូវបានមន្ត្រីជំនាញដោះបាននៅក្នុង បរិវេណសាលាបឋមសិក្សាគគីរ។ បន្ទាប់ពីធ្វើការពិសោធន៍យ៉ាងយកចិត្តទុកដាក់ មន្ត្រីជំនាញរបស់កម្ពុជា បានវាយតម្លៃថា គ្រាប់បែកនោះជាប្រភេទសារធាតុគីមី Nitrogen Mustard ហៅម្យ៉ាងទៀតថា Blister Agents អាចបង្កទុកទោសយ៉ាងធ្ងន់ធរដល់សុខភាពមនុស្ស ដូចជា ប៉ោងស្បែក រលាកស្បែក និងថប់ដង្ហើមជាដើម មិនដូចទៅនឹងសេចក្តីថ្លែងការណ៍របស់អាមេរិកដែលថា គ្រាប់បែកនោះត្រឹមតែជាឧស្ម័នបង្ហូរទឹកនោះឡើយ។
ក្រៅពីរកឃើញគ្រាប់បែកជាច្រើនទីតាំងហើយនោះ ប្រជាពលរដ្ឋនៅតំបន់នោះជិត១០០នាក់ ក៏បានរកឃើញរងគ្រោះ ដោយសារសារធាតុគីមីនេះផងដែរ ដោយមួយចំនួនធំ មានបញ្ហារមាស់ស្បែក ហើយត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យជាបន្តបន្ទាប់ ខណៈកុមារ៣នាក់កើត មកមានសភាពខុសប្រក្រតី។
បើតាមរបាយការណ៍របស់ស៉ីម៉ាក់ អាមេរិកបានទំលាក់គ្រាប់បែកនៅកម្ពុជា មានកាកសំណល់ជាតិផ្ទុះសង្គ្រាមច្រើនឥតគណនា បានបន្តសម្លាប់កូនចៅខែ្មរទាំងក្នុង និងក្រោយសង្គ្រាមបានបញ្ចប់។ ក្នុងនោះសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែកនៅកម្ពុជា តាមទិន្នន័យមិនទាន់ពេញលេញ គឺមានចំនួន១១៥,២៧៥ទីតាំង មានការហោះហើរទំលាក់ចំនួន ២៣០,៥៤៤លើក មានចំនួនគ្រាប់ទំលាក់ចំនួន ជាង២លាន៥៩ម៉ឺនគ្រាប់ មានទំងន់ជាង២លាន៨សែនតោន (២,៨០៣,៨៦៨,១៥២គីឡូក្រាម) ក្នុងនោះមានគ្រាប់បែកចង្កោម គិតជាកូនគ្រាប់បែកចង្កោមចំនួនជាង២៧លាន៩សែនគ្រាប់។ ដោយឡែកគ្រាប់បែកជាអាវុធគីមី ប្រភេទពណ៌ទឹកក្រូច និងប្រភេទអាវុធគីមីមួយចំនួនទៀត មិនសិ្ថតក្នុងទិន្នន័យនេះនៅឡើយទេ៕