(កំពត)៖ គណបក្សប្រជាជនកម្ពុជាខេត្តកំពត បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិ នៅទូទាំងខេត្តកំពត ក្នុង៧ស្រុក និង១ក្រុង ចំនួន១២០រូប ដែលសុំចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាប នូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។
ពិធីនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧នេះ នៅស្នាក់ការគណបក្សខេត្ត ក្រោមអធិបតីភាព លោក ចាន់ ចេស្ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត។
លោក ចាន់ ចេស្តា បានថ្លែងថា នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន ដែលបានមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយលោកស្វាគមន៍ និងថ្លែងអំណរគុណដល់សមាជិក សមាជិកាទាំង១២០រូបនេះ ដែលបានយល់ច្បាស់ នូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន រហូតដល់បក្សត្រូវរំលាយចោល។
បើតាមប្រធានគណបក្សប្រជាជនខេត្ត ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សមាជិក សមាជិកាទាំងអស់ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបានបង្ហាញពីគុណធម៌ពិត ក្នុងការការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលតែងមានការសណ្តោសប្រណៃ ដល់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយ សូម្បីតែសមាជិក សមាជិកាទាំងអស់ ជាអតីតក្នុងគណបក្សសង្រ្គោះជាតិ ក៏សម្តេចបានសណ្តោសប្រណៃផងដែរ។
ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំនោះ សង្ឃឹមសមាជិក សមាជិកា ដែលចូលរួមរស់ជាមួយគណបក្សប្រជាជន នឹងប្រឹងប្រែងជួយដល់សម្តេច ដើម្បីបម្រើប្រជាពលរដ្ឋឲ្យមានការវិវឌ្ឍន៍ និងរីកចម្រើន៕