(អាហ្សង់ទីន)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ បានថ្លែងសុន្ទរកថា ចែករំលែកបទពិសោធន៍ចូលជា សមាជិកអង្គការ WTO ក្នុងពិធីបើកកិច្ចប្រជុំតុមូលចិនលើកទី៦ ក្នុងអំទ្បុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី WTO លើកទី១១។
កិច្ចប្រជុំតុមូលចិននេះ មានការអញ្ជើញចូលរួមពី លោកស្រី Susana Malcora ប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី អង្គការ WTO លើកទី១១ លោក Zhong Shan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃសាធារណៈរដ្ឋប្រជាមានិតចិន លោក Roberto Azevêdo អគ្គនាយកនៃអង្គការ WTO លោក Wang Shouwen អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃសាធារណៈរដ្ឋប្រជាមានិតចិន និងបណ្តារដ្ឋមន្រ្តីនៃសមាជិកអង្គការ WTO ទាំងអស់ដែលបានចូលរួម។
កិច្ចប្រជុំតុមូលចិនលើកទី៦ បានផ្តោតសំខាន់លើការពង្រឹងប្រព័ន្ធ ពាណិជ្ជកម្មពហុភាគី ផ្អែកលើច្បាប់ជាមូលដ្ឋាន និងការកសាងបណ្តាញសម្រាប់ជំរុញ ការចូលជាសមាជិកអង្គការ WTO។
នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីដំណើរការចរចារបស់កម្ពុជា ក្នុងការចូលជាសមាជិកអង្គការ WTO ត្រូវចំណាយពេល៥ឆ្នាំ ហើយការសម្រេចចិត្តចូលជាសមាជិកនេះ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលបានធ្វើកំណែទម្រង់រចនាសម្ព័ន្ធ និងច្បាប់ ដើម្បីឲ្យស្របទៅនឹងនីតិវិធី និងច្បាប់របស់អង្គការ WTO ក្នុងការជួយឲ្យមានការធ្វើពាណិជ្ជកម្ម ដោយប្រើប្រាស់ច្បាប់ជាគោល។ ទន្ទឹមនេះដែរ កម្ពុជាបានធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម ដោយទទួលបានផលត្រទ្បប់មកវិញ គឺការកាត់បន្ថយភាពក្រីក្រពី៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹម១៣.៥% ក្នុងឆ្នាំ២០១៤ ហើយក៏បានជំរុញកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% អំឡុងប្រមាណមួយ ទសវត្សរ៍ចុងក្រោយនេះ។
សមាជិកចូលរួមក្នុងកិច្ចប្រជុំនេះ បានកោតសរសើរចំពោះ ភាពជោគជ័យរបស់កម្ពុជា ដែលនាំឲ្យមានកំណើនសេដ្ឋកិច្ចកើនខ្ពស់ បង្កើនការងារ និងកាត់បន្ថយភាពក្រីក្រ។
ទន្ទឹមនឹងនោះដែរ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ក៏បានលើកទឹកចិត្តឲ្យបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច បន្តចរចាចូលជាសមាជិកអង្គការ WTO ហើយកម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការជួយគាំទ្រ និងចែករំលែកបទពិសោធន៍ ក្នុងដំណើរការចរចាចូលជាសមាជិកអង្គការ WTO នេះ។
ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តីក៏បាន អញ្ជើញធ្វើសក្ខីភាពក្នុងពិធីចុះហត្ថលេខារវាងអង្គការ WTO និងក្រសួងពាណិជ្ជកម្មចិន ដើម្បីបន្តកម្មវិធី China Program សម្រាប់ការជួយដល់ប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងការចូលជាសមាជិកអង្គការ WTO ផងដែរ៕