(ភ្នំពេញ)៖ តាមរយៈមេធាវីរបស់ខ្លួន ក្រុមហ៊ុនរស្មីដូងច័ន្ទ ដែលមានទីតាំងនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្រកាសបញ្ឈប់នាយកប្រតិបត្តិរបស់ខ្លួន ក្រោយពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត។
តាមសេចក្ដីជូនដំណឹងដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រុមហ៊ុន រស្មីដូងច័ន្ទ បានបញ្ជាក់ថា បានសម្រេចបញ្ឈប់កិច្ចសន្យាការងារ បុគ្គលឈ្មោះ ស៊ុន ឆ័យ ភេទប្រុស កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ១៧០៩៦៩៨៨០ និងមិនមែនជានាយកប្រតិបត្តិ របស់ក្រុមហ៊ុនរស្មីដូងច័ន្ទទៀត។
ក្រុមហ៊ុន រស្មីដូងច័ន្ទ បន្ថែមថា បច្ចុប្បន្នបុគ្គលឈ្មោះ ស៊ុន ឆ័យ នេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅក្រោមការចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត ពិសេសដោយអភិបាលមកលើក្រុមហ៊ុន។
ក្រុមហ៊ុនរស្មីដូងច័ន្ទ បានសម្រេចបញ្ចប់ការងាររបស់បុគ្គលនេះ ជានាយកប្រតិបត្តិ និងមិនមែនជាបុគ្គលិកក្រុមហ៊ុន ដែលមានប្រសិទ្ធភាពភ្លាមៗ ហើយរាល់សកម្មភាពកិច្ចការ និងទង្វើផ្សេងៗរបស់បុគ្គលនេះ មិនមានការពាក់ព័ន្ធនឹងក្រុមហ៊ុនរស្មីដូងច័ន្ទ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕