(បាត់ដំបង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនបាន៣នាក់ជាបន្ដបន្ទាប់ រួមជាមួយថ្នាំញៀនមួយចំនួននៅ២ទីតាំងផ្សេងគ្នា ក្នុងក្រុងបាត់ដំបង និងស្រុកសំពៅលូន។
មេបញ្ជាការអាវុធហត្ថខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានប្រាប់ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧នេះថា កម្លាំងអាវុធហត្ថខេត្តបាត់ដំបង់ បានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបបញ្ជាការអាវុធហត្ថលើផ្ទៃប្រេទស អំពីការបង្កា បង្រ្កាប និងសង្រ្គោះ។
បើតាមលោកមេបញ្ជាក់ថា ជាក់ស្តែងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង កម្លាំងអាវុធហត្ថរបស់លោកបានឃាត់ខ្លួនជនសង្ស័យ០២នាក់ ទី១៖ឈ្មោះ នួន ឆវ័ន្ត ហៅដេវ៉ា អាយុ២៧ឆ្នាំ និងទី២៖ឈ្មោះ សយ ស្រស់ ហៅកណ្តុរ អាយុ២១ឆ្នាំ ដកហូតបានថ្នាំញៀនមួយចំនួន និងម៉ូតូ០២គ្រឿង ទូរស័ព្ទដៃ០៤គ្រឿង។
ដោយឡែកនៅថ្ងៃទី០៨ ខែឆ្នូ ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថបានបង្ក្រាបមួយកន្លែងទៀត មានទីតាំងនៅភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ដោយជនសង្ស័យជាស្ដ្រីឈ្មោះ ស៊ុម ខុម អាយុ៥៤ឆ្នាំ ដកហូតបានគ្រឿងញៀនប្រភេទគ្រាប់ពណ៌ស្លាទុំអក្សរ WY ចំនួន២៧គ្រាប់។ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ ត្រូវបានបញ្ជូនទៅការិយាល័យអាវុធហត្ថជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕