(កំពង់ចាម)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀន២៥កញ្ចប់ជាបន្ដបន្ទាប់ នៅស្រុកកំពង់សៀម នាល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧។
លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែធ្នូនេះថា កម្លាំងជំនាញប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចដីឡូត៍ ស្ថិតក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប៉ាវ វ៉ាន់ភឿន អាយុ៤៧ឆ្នាំ ដកហូតបានម្សៅក្រាមពណ៌ស០១កញ្ចប់ ប្រាក់ញុះញង់ចំនួន៥ម៉ឺនរៀល ទូរសព្ទ័ដៃចំនួន០២គ្រឿង ម៉ូតូចំនួន០១គ្រឿង។
ក្រោយមកកម្លាំងជំនាញ បានបន្ដធ្វើការឆែកឆេរនៅផ្ទះជនសង្ស័យនៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម រកឃើញម្សៅក្រាមពណ៌ស ចំនួន២៤កញ្ចប់ ឧបករណ៍សេពមួយសម្រាប់ និងសម្ភារវេចខ្ចប់មួយចំនួន។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមច្បាប់៕