(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧នេះ បានរៀបចំពិធីអបអរសាទរខួប លើកទី៦៩ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ក្រោមប្រធានបទ «សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ»។

ពិធីនេះ រៀបចំឡើងនៅសាលមហោស្របកោះពេជ្រ ក្រោមការចូលរួមជាអធិបតីភាព ពីលោកទេសរដ្ឋមន្ត្រី ឪម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក កែ រ៉េមី ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ទិវាសិទ្ធិមនុស្ស ១០ ខែធ្នូ ត្រូវបានចាត់ជាទិវាសិទ្ធិមនុស្សសកល ដែល​អង្គការ​សហ​ប្រជាជាតិ បានប្រកាសឲ្យប្រើតាំងពីឆ្នាំ ១៩៤៨ ដើម្បីលើក​ស្ទួយ​សិទ្ធិសេរីភាព​របស់មនុស្ស ពោលគឺ ត្រូវការឲ្យមនុស្សចេះ​គោរព​គ្នា ក្នុងនាមជាមនុស្សជាតិតែមួយ៕