(ព្រះវិហារ)៖ កងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមទល់ខ្មែរ-ថៃ បានសម្តែងការខឹងសម្បាជាខ្លាំងចំពោះទង្វើញុះញង់របស់លោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលបានអំពាវនាវឲ្យកងទ័ពងើបបះបោរប្រឆាំងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្រុមកងទ័ពបានផ្តាំទៅលោក សម រង្ស៊ី ព្រមទាំងបក្ខពួករបស់លោក ដែលកំពុងសម្ងំនៅក្រៅប្រទេសថា សម្តេចតេជោ ហ៊ុន សែន មេបញ្ជាការផ្កាយមាស៥ផុតលេខ គឺស្ថិតនៅក្នុងបេះដូងរបស់ពួកគេជានិច្ច។

ប្រតិកម្មរបស់កងទ័ពដែលកំពុងការពារទឹកដីនេះ បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលមួយជាមួយនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ។ នៅថ្ងៃនេះនាយឧត្តមសេនីយ៍ គន់ គីម និងនាយឧត្តមសេនីយ៍ ជា តារា បានធ្វើដំណើរជាបន្តបន្ទាប់ជួបសំណេះសំណាលជាមួយកងទ័ព ដើម្បីបានជ្រាបពីសុខទុក្ខ និងបញ្ហារបស់កងទ័ពនៅតាមទល់ដែន។

ក្នុងកិច្ចសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ គន់ គីម និងនាយឧត្តមសេនីយ៍ ជា តារា បានលើកបង្ហាញពីស្ថានការណ៍នយោបាយនាពេលបច្ចុប្បន្ន ព្រមទាំងបានលើកបង្ហាញពីចេតនារបស់លោក សម រង្ស៊ី និងបក្ខពួក ដែលកំពុងអុជអាលកងទ័ពឲ្យងើបប្រឆាំងរាជរដ្ឋាភិបាល។

ជាមួយសម្តីធ្ងន់ៗ និងហៅលោក សម រង្ស៊ី ថាជាជនក្បត់ជាតិពេញៗមាត់ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងទៅកាន់កងទ័ពរាប់ពាន់នាក់ថា «ទណ្ឌិត សម រង្ស៊ី រួមជាមួយបក្ខពួករបស់គេ កំពុងតែធ្វើយុទ្ធនាការបំផ្លាញជាតិមាតុភូមិរបស់យើង ដោយបានអំពាវនាវឲ្យបងប្អូនកងទ័ពងើបបះបោរប្រឆាំងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ នេះជាទង្វើដ៏ពិសពុលរបស់ក្រុមជនក្បត់ជាតិ ដែលជាមរតកបន្សល់ពីឪរបស់គេ [លោក សម សារី]។ ឪគេបានប្រឹងប្រែងបំផ្លាញសង្គមរាស្ត្រនិយមដ៏ល្បាញល្បីរបស់សម្តេច នរោត្តម សីហនុ ឥឡូវកូនក៏បានព្យាយាមបំផ្លាញសង្គមកម្ពុជារបស់យើងទៀតហើយ»

នាយឧត្តមសេនីយ៍ គន់ គីម និងនាយឧត្តមសេនីយ៍ ជា តារា បានអំពាវនាវដល់កងទ័ពរួមគ្នាការពារជាតិមាតុភូមិ និងវឌ្ឍនភាពរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ក្រោយបានស្តាប់ការរៀបរាប់ពីស្ថានការណ៍នយោបាយនាពេលបច្ចុប្បន្ន និងពីពុតត្បុតដ៏ពិសពុលរបស់លោក សម រង្ស៊ី និងបក្ខពួកហើយនោះ ក្រុមកងទ័ព ដែលបានតស៊ូដ៏អង់អាចក្នុងការពារទឹកដីអំឡុងពេលផ្ទុះអាវុធជាមួយកងទ័ពថៃនាអំឡុងឆ្នាំ២០០៨ បានផ្ទុះការប្រតិកម្ម និងខឹងសម្បាជាខ្លាំងជាមួយលោក សម រង្ស៊ី និងបក្ខពួក។

បងប្អូនកងទ័ព បានគូសបញ្ជាក់ដូច្នេះ «ពួកយើងខ្ញុំជាកងទ័ព សូមប្រឆាំងដាច់អហង្ការចំពោះការញុះញង់របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក។ ខ្ញុំសូមផ្តាំទៅអស់លោកថា ប្រសិនបើអស់លោកចង់បំផ្លាញជាតិកម្ពុជា សូមអស់លោករំលងសាកសពរបស់ពួកយើងសិនទៅ។ នៅពេលដែលយើងធ្វើសង្គ្រាមការពារទឹកដី ការពារប្រសាទរបស់ខ្មែរ តើអស់លោកនៅទីណា? ពេលនោះគឺមានតែសម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើជាបង្អែកដ៏អង់អាចរបស់យើង ពួកយើងដឹងយ៉ាងច្បាស់នរណាស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី»

ក្រុមកងទ័ពនៅទល់ដែន ក៏បានលើកបង្ហាញពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះសុខទុក្ខរបស់ពួកគេផងដែរ។ បើតាមកងទ័ពព្រោះតែការយកចិត្តទុកដាក់របស់សម្តេចតេជោ បានធ្វើឲ្យជីវភាពរបស់ពួកគេកាន់តែប្រសើរ ហើយប្រាក់បៀវត្សរ៍ទៀតសោត ក៏ត្រូវបានដំឡើងជារៀងរាល់ឆ្នាំ ដែលជាកត្តាជួយឲ្យការរស់នៅរបស់ពួកគេបានកាន់តែប្រសើរ។

បងប្អូនកងទ័ព បានបញ្ជាក់ប្រាប់លោក សម រង្ស៊ី និងបក្ខពួកថា សម្តេចតេជោ ហ៊ុន សែន បានស្ថិតជាប់ក្នុងបេះដូងរបស់ពួកគេជានិច្ច ហើយបានប្រកាសការពាររបបដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយឥតងាករ៉េ៕