(សៀមរាប)៖ លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ នៃគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ អញ្ជើញប្រកាសសុពលភាពក្រុមការងារយុវជនគណបក្សខេត្ត និងការបែងចែកភារកិច្ច ក្រុមការងារយុវជនគណបក្សខេត្ត ចុះជួយក្រុង-ស្រុក ទាំង១២ទូទាំងខេត្តសៀមរាប។
លោក ឃឹម ប៊ុនសុង បានសំដែងនូវការអបអរសារទរចំពោះក្រុមការងារយុវជនគណបក្សខេត្ត ដែលបានរៀបចំក្រុមការងារយុវជនគណបក្សខេត្ត និងបែងចែកភារកិច្ចក្រុមការងារយុវជនគណបក្សខេត្ត ឲ្យចុះជួយ ក្រុង-ស្រុកទាំង១២ទូទាំងខេត្តសៀមរាប ដែលជាការបង្ហាញជាថ្មីនូវស្មារតី និងឆន្ទៈប្ដេជ្ញាចិត្តខ្ពស់ចូលរួមចំណែក លើការងារកសាងពង្រឹង និងពង្រីកសកម្មភាពគណបក្សនៅថ្នាក់មូលដ្ឋាន សក្ដិសមជាកម្លាំងបន្ដវេន ប្រកបដោយ សក្ដានុពលក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការពាររាល់សមិទ្ធផលរបស់សង្គមជាតិ។
បើតាមប្រធានគណបក្សប្រជាជនខេត្ត ក្រុមការងារយុវជនគណបក្សខេត្ត បានបំពេញភារកិច្ចជាសេនាធិការជូនគណបក្ស តាមរយៈការរៀបចំគោលការណ៍ណែនាំ និងធ្វើការសម្របសម្រួល និងទំនាក់ទំនងល្អជាមួយគណបក្សក្រុង-ស្រុក និងមន្ទីរ អង្គភាព នានាជុំវិញខេត្តក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធ ក្រុមការងារយុវជនចាប់ពីថ្នាក់មូលដ្ឋាន ភូមិ ឃុំ-សង្កាត់។ តាមរយៈសកម្មភាពរបស់ ក្រុមការងារយុវជន ពិសេសនៅថ្នាក់ឃុំ-សង្កាត់ រយៈពេលកន្លងមក គឺបានឆ្លុះបញ្ចាំងឲ្យឃើញពីលទ្ធផលការងារមួយចំនួន ដែលធ្វើឲ្យមានការផ្លាស់ប្ដូរថ្មីទាំងលើផ្នែកទស្សនៈ និងសកម្មភាព។
លោក ឃឹម ប៊ុនសុង បញ្ជាក់ថា យន្ដការការងាររបស់គណបក្ស បានចាត់តាំងក្រុមការងារគណបក្សថ្នាក់កណ្ដាល និងថ្នាក់ខេត្តចុះជួយ ក្រុង-ស្រុក ឃុំ-សង្កាត់ និងភូមិទាំងអស់ដែលបាន និងកំពុងធ្វើសកម្មភាពនៅគ្រប់ទីកន្លែងយ៉ាងសកម្មបំផុត។ ក្រុមការងារយុវជនគណបក្សខេត្ត ដែលបានប្រកាសទទួលស្គាល់ថ្ងៃនេះ គឺជាកម្លាំងថ្មីបន្ថែម ដើម្បីសម្របសម្រួលលើការងារចលនាយុវជន ជាមួយក្រុមការងារគណបក្សចុះជួយក្រុង-ស្រុក និងគណបក្សក្រុង-ស្រុក សំដៅបង្កើននូវជំហរឆន្ទៈនយោបាយ និងលើកកម្ពស់តួនាទីយុវជនរបស់គណបក្ស ហ៊ានលះបង់អ្វីៗដើម្បីជួយគណបក្សដោយឥតលក្ខខណ្ឌ។
ដោយហេតុនេះ ការចាត់តាំងបែងចែកក្រុមការងារយុវជនខេត្តចុះជួយក្រុង-ស្រុកទាំង១២ គឺជាប្រការចាំបាច់ ដែលមិនអាចខ្វះបានដើម្បីជួយសម្របសម្រួល នូវផែនការឯកភាពមួយជាមួយគណបក្សក្រុង-ស្រុក ឃុំ-សង្កាត់ ក្រុមការងារគណបក្សដែលមានស្រាប់រួមគ្នាធ្វើឲ្យប្រសើរឡើងក្នុងការជួយដល់ គណបក្សឃុំ-សង្កាត់ ក្នុងការងារគ្រប់គ្រង ចងក្រងក្រុមបក្ស ការពង្រីកសមាជិកថ្មី និងចំពោះអ្នកគាំទ្រគណបក្សដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ឲ្យបានសម្រេចតាមផែនការរបស់គណបក្ស។
ព្រមជាមួយគ្នានោះ ការបន្តបើកវគ្គអប់រំនយោបាយ ជូនដល់សមាជិក សមាជិកាបក្សដែលពុំទាន់បានបំពាក់បំប៉ន សំដៅបង្កើនបាននូវសមត្ថភាព យល់ដឹងគ្រប់គ្រាន់ និងចេះចលនាមហាជនប្រជាជនឲ្យកាន់ តែមានជំនឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជន និងបោះឆ្នោតជូនគណបក្សប្រជាជនជារៀងរហូត។ សំខាន់ជាងនេះថែមទៀត ក្រុមការងារយុវជនក្រុង-ស្រុកត្រូវបំផុសឲ្យមានការចូលរួមពី យុវជនដែលជាមន្ត្រីបក្ស តាមបណ្ដាការិយាល័យ អង្គភាពនានាជុំវិញក្រុង-ស្រុក ដើម្បីពង្រឹការងារគ្រប់គ្រងបក្សឲ្យបានល្អ ធានាដល់លទ្ធផល នៃការបោះឆ្នោតលើកនេះ ទទួលបានលទ្ធផលល្អតាមការរំពឹងទុក គឺសមាជិកបក្សម្នាក់សម្លេងឆ្នោតជូនគណបក្សប្រជាជនមួយសន្លឹក៕