(ម៉ាឡេស៊ី)៖ តបតាមការអញ្ជើញរបស់អគ្គលេខាធិការ គណបក្សសហព័ន្ធជាតិម៉ាឡេស៊ី UMNO ដែលជាគណបក្សកាន់អំណាច លោក ហង់ ថុល អនុប្រធានគណៈទាក់ទងបរទេស របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាមាន ឧកញ៉ា អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងសហការី ដើម្បីអញ្ជើញចូលរួមជាកិត្តិយស ក្នុងមហាសន្និបាតប្រចាំឆ្នាំទូទាំងប្រទេស របស់គណបក្សសហព័ន្ធជាតិម៉ាឡេស៊ី UMNO។
ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោក Dato’ Sri Moh d Najib Tun Haji Abdul Razak នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី និងជាប្រធានគណបក្ស នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលប្រព្រឹត្តទៅពីថ្ងៃ០៦ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧។
នៅក្នុងមហាសន្និបាតប្រចាំឆ្នាំទូទាំងប្រទេស របស់គណបក្ស UMNO នេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជួរដ្ឋាភិបាល និងសមាជិក សមាជិកា គណបក្សមកពីទូទាំងប្រទេស ចំនួន៣០,០០០នាក់ និងតំណាងសមាជិកគណបក្សមកពីទូទាំងប្រទេសចំនួន ២,៧១៨ នាក់។ គណបក្ស UMNO មាន សមាជិកទូទាំងប្រទេសចំនួន៣,៧លាននាក់។ ក្នុងពិធីនេះដែរមាន តំណាងគណបក្សសម្ព័ន្ធភាពមកពីបរទេស១៦ប្រទេសចំនួន អ្នកចូលរួមចំនួន៩៥នាក់ តំណាងឲ្យ២០គណបក្ស។
គណបក្សទាំងនោះ ដែលសុទ្ធសឹងជាគណបក្សកាន់អំណាចនៃប្រទេសនីមួយៗចូលរួមជាអ្នកអង្កេតការណ៍ និងភ្ញៀវកិត្តិយស ក្នុងពិធីបើកមហាសន្និបាត ប្រចាំឆ្នាំទូទាំងប្រទេសនាឆ្នាំ ២០១៧។ ក្នុងនោះដែរក៏មានតំណាងសាខាគណបក្ស UMNO មកពីក្រៅប្រទេសចំនួន ៧៧សាខា អ្នកសារព័ត៌ជាតិ និងអន្តរជាតិមានចំនួន ៧៥ស្ថាប័ន និងតំណាង សិស្ស និសិ្សត ក្រុមហ៊ុន ស្ថានប័នចំណុះរដ្ឋ។
លោក ឧកញ៉ា អូស្មាន ហាស្សាន់ បានលើកឡើងថា មហាសន្និបាតប្រចាំឆ្នាំទូទាំងប្រទេសរយៈ៣ថ្ងៃ បានផ្តោតសំខាន់នូវ ការរៀបចំយុទ្ធនាការឃោសនាបោះឆ្នោត លើកទី១៤ខាងមុខនេះ ដែលជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដ៏សំខាន់បំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្រ្តការបោះឆ្នោត របស់ប្រទេសម៉ាឡេស៊ី ដែលគណបក្សកាន់អំណាច UMNO ត្រូវតែយកឈ្នះឲ្យបាន។
បន្ថែមពីនេះ លោក ហង់ ថុល បញ្ជាក់ថា រាជរដ្ឋាភិបាលម៉ាឡេស៊ី ថ្នាក់ដឹកនាំគណបក្សសហព័ន្ធជាតិម៉ាឡេស៊ី UMNO ក៏ដូចជាប្រជាពលរដ្ឋម៉ាឡេស៊ី មានការទំនាក់ទំនងល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា និងជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសធ្វើឲ្យគ្រប់សាសនានៅកម្ពុជា គ្មានទំនាស់ និងរើសអើងគ្នា។
ក្រោយពីបញ្ចប់មហាសន្និបាតប្រចាំឆ្នាំទូទាំងប្រទេស របស់គណបក្ស UMNO លោក អូស្មាន ហាស្សាន់ ក៏បានចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងបាននាំការសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាមួយ ជាមួយលោក Dato’ Sri Mohd Najib Tun Haji Abdul Razak នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានគណបក្ស, លោក Dato’ Seri Dr Ahmad Zahid Hamidi ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្ស សហព័ន្ធជាតិម៉ាឡេស៊ី UMNO និងឥស្សរជនសំខាន់ៗជាច្រើនរូបទៀត៕