(ភ្នំពេញ)៖ ក្នុងសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៤ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា ក្រោមប្រធានបទ «ការថែទាំជំងឺបេះដូងរបស់លោកអ្នក» ដែលធ្វើឡើងនៅថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ក្រុមគ្រូពេទ្យឯកទេសបេះដូងជាតិ-អន្តរជាតិ និងក្រុមនិស្សិតជាច្រើននាក់ បានចូលរួមចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍នៃការវិវត្តជំងឺបេះដូង ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការព្យាបាលឲ្យកាន់តែល្អប្រសើរឡើង។
សន្និសីទនេះធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា។
ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន លោករដ្ឋលេខាធិការ បានឲ្យដឹងថា សន្និសីទប្រចាំឆ្នាំនេះ គឺជាការជួបជុំក្រុមគ្រូពេទ្យឯកទេសរោគបេះដូងទាំងអស់ ទាំងជាតិ-អន្តរជាតិ ដើម្បីចូលរួមចែករំលែកការយល់ដឹង តាមរយៈបទបង្ហាញទាំងបច្ចេកទេសជំនាញ លទ្ធភាព និងស្ថានភាពជំងឺ ទៅនឹងអ្វីៗដែលអាចធ្វើបាន អ្វីៗដែលកំពុងតែអភិវឌ្ឍន៍ ដែលមានការចូលរួមពីក្រុមគ្រូពេទ្យមកពីមន្ទីពេទ្យធំៗនៅកម្ពុជា ដូចជា មន្ទីពេទ្យកាល់ម៉ែត មន្ទីពេទ្យព្រះកេតុមាលាជាដើម ព្រមទាំងនិស្សិតដែលកំពុងតែសិក្សាខាងឯកទេសរោគបេះដូងនេះផងដែរ។
លោកសាស្ត្រាចារ្យបន្តថា សន្និសីទខាងលើនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីបង្ហាញអំពីការវិវត្តនៃជំងឺទាំងឡាយ វឌ្ឍនភាពនៃការថែទាំ ថាតើមានការប្រែប្រួលយ៉ាងដូចម្តេច ដូចជា ប្រសិទ្ធភាពនៃការព្យាបាល ពេលវេលា ការចំណាយជាដើម។
ក្នុងសន្និសីទនោះដែរ លោកសាស្ត្រាចារ្យ ធា គ្រុយ ក៏បានណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវព្យាបាលជំងឺតាមឯកទេសរបស់ខ្លួនឲ្យបានត្រឹមត្រូវ ជៀសវាងការព្យាបាលខុសឯកទេស។
ត្រង់ចំណុចនេះ លោកបានបញ្ជាក់ថា ក្រុមគ្រូពេទ្យទាំងអស់ ទោះនៅទីកន្លែងណាក៏ដោយ អាចពិនិត្យ និងព្យាបាលជំងឺបាន ទាល់តែមានសញ្ញាបត្រទទួលស្គាល់ដោយក្រសួងសុខាភិបាល មានសុខភាពផ្លូវកាយ ផ្លូវចិត្តត្រឹមត្រូវ មានសមត្ថភាពវិជ្ជាជីវៈទទួលស្គាល់ដោយគណៈគ្រូពេទ្យកម្ពុជា បើពុំដូច្នោះទេ គ្រូពេទ្យនោះនឹងទទួលការផាកពិន័យ ឬអាចទទួលទោសព្រហ្មទណ្ឌថែមទៀតផង៕