(ភ្នំពេញ)៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ ក្រសួងសុខាភិបាល បានប្រកាសថា នាថ្មីៗនេះមានការផ្ទុះជំងឺផ្ដាសាយបក្សី H5N1ជាថ្មី នៅភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ប៉ុន្តែករណីនេះ បានកើតឡើងលើសត្វបក្សីតែប៉ុណ្ណោះ ពុំមានរកមានឆ្លងលើមនុស្សទេ។ ទោះជាយ៉ាងណាក្តី ក្រសួងបានអះអាងថា មន្រ្តីជំនាញក្រសួងសុខាភិបាល កំពុងបន្តតាមស្ថានភាពជំងឺ យ៉ាងយកចិត្តទុកដាក់បំផុត។
ក្រសួងសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់អំពីការចំលងជំងឺនេះ ជាពិសេស ក្នុងពិធីបុណ្យផ្សេង ដែលនឹងឈានមកដល់ ក្នុងពេលឆាប់ៗនេះ ជាពិសេសប្រុងប្រយ័ត្នជានិច្ច អំពីការចំលងជំងឺផ្តាសាយបក្សី។ សំខាន់សូមកុំយកមាន់ ទា ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារ ឫលក់បន្ត ត្រូវអនុវត្តអនាម័យក្នុងការ បោចរោម និង ចំអិនជាប់ជានិច្ច។
សូមរំលឹកថា ចាប់តាំងពីឆ្នាំ ២០០៥ ដល់ ២០១៤ ក្នុងប្រទេសកម្ពុជា ធ្លាប់កើតមានជំងឺផ្តាសាយបក្សី ដែលបានឆ្លងពីសត្វបក្សីមកមនុស្សចំនួន៥៦ករណី ដែលក្នុង នោះ ៣៧ ករណីបានស្លាប់ ។ ដោយឡែកគ្រាន់តែឆ្នាំ ២០១៣ មានឆ្លងលើមនុស្សចំនួន ២៦ករណី ដែលក្នុងនោះមាន ១៤ករណីបានស្លាប់ និង ក្នុងឆ្នាំ២០១៤ មាន ៩ករណី និង ៤ករណីបានស្លាប់ ។
បុគ្គលដែលមានរោគសញ្ញាគ្រុនក្តៅ លើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬ ឈឺក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌល់សុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាល យើងមានឱសថសំរាប់ព្យាបាលជំងឺនេះ៕