(ភ្នំពេញ)៖ ជំងឺមហារីកដែលកើតឡើងលើខ្លួនប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្ន កំពុងមានការកើនឡើងខ្ពស់ ទន្ទឹមនឹងនេះ កម្ពុជាក៏ត្រូវការអ្នកជំនាញបច្ចេកទេសវិទ្យុសាស្ត្រ ឬកាំរស្មីអ៊ិច ដើម្បីព្យាបាលជំងឺមហារីកនេះប្រមាណពី ៥០០-៦០០នាក់យ៉ាងតិច ខណៈបច្ចុប្បន្ន អ្នកជំនាញផ្នែកនេះមានតែ២៨៦នាក់ប៉ុណ្ណោះ។ នេះបើតាមលោក ប៉ុល សុភ័ក្រ្តប្រធានសមាគមបច្ចេកទេសវិទ្យុសាស្ត្រកម្ពុជា។
អ្នកជំនាញថ្លែងបែបនេះ ក្នុងកិច្ចសន្និបាតអ្នកបច្ចេកទេសវិទ្យុសាស្ត្រកម្ពុជាប្រចាំឆ្នាំ លើកទី១០ ស្ដីពីបច្ចេកទេសថ្មីៗផ្នែកវិទ្យុសាស្ត្រជំងឺមហារីកនៅកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ គ.ស ២០១៧ ដែលធ្វើឡើងដើម្បីប្រមូលផ្តុំអ្នកបច្ចេកទេសវិទ្យុសាស្ត្រទូទាំងប្រទេសកម្ពុជា អមជាមួយការចែករំលែក និងបទពិសោធន៍ថ្មីៗទៅក្រុមគ្រូពេទ្យមួយចំនួនផងដែរ។
លោក ប៉ុល សុភ័ក្ត្រ បានលើកឡើងថា ជំងឺមហារីកដែលកើតឡើងលើខ្លួនប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្ន ពិសេសស្ត្រី កំពុងមានការកើនឡើងខ្ពស់ជាងសម័យមុន នេះក៏ដោយសារបច្ចុប្បន្ន ឧបករណ៍បច្ចេកទេសសម្រាប់ត្រួតពិនិត្យជំងឺមានការជឿនលឿនជាងសម័យ។ ទោះបីជាឧបករណ៍សុខាភិបាលមានការជឿនលឿនក៏ពិតមែន ប៉ុន្តែការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជានៅមានកម្រិតទាបនៅឡើយ ដោយសារពួកគាត់បានឮពាក្យចចាមរាមថា ខ្លាចប៉ះសុខភាព ប៉ះពាល់អាយុជីវិតរបស់ពួកគាត់ជាដើម។
លោកបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងខ្វះខាតធនធានមនុស្សផ្នែកវិទ្យុសាស្ត្រនេះណាស់ ព្រោះតម្រូវការអ្នកជំនាញមានចាប់ពី ៥០០-៦០០ ប៉ុន្តែអ្នកជំនាញជាក់ស្ដែងមានតែ២៨៦នាក់ប៉ុណ្ណោះ។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់យុវជនកម្ពុជា ដែលមានបំណងបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ សូមងាកមកចាប់អារម្មណ៍លើមុនជំនាញនេះវិញ ពីព្រោះទីផ្សារការងារកំពុងត្រូវការយ៉ាងខ្លាំង ពិសេសក្របខណ្ឌរដ្ឋតែម្ដង។
មិនតែប៉ុណ្ណោះ លោក សុភ័ក្ត្រ ថែមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសស្ត្រី ត្រូវបង្កើនការយកចិត្តទុកដាក់លើបញ្ហាសុខភាព ពោលត្រូវកំណត់រយៈពេល១ឆ្នាំម្ដង ដើម្បីទៅត្រួតពិនិត្យសុខភាពរបស់ខ្លួននៅមន្ទីរពេទ្យ ពិសេសដើម្បីពិនិត្យមើលជំងឺមហារីក នេះវិធីចម្បង និងល្អបំផុតក្នុងការបង្ការជំងឺមហារីក៕